ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោកស្រី កែវ សុត្ថារី ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាព សាធារណៈ និងជាអនុប្រធានក្រុមគេហទំព័រខេត្ត ជាតំណាង ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងលោកជំទាវ រួមជាមួយលោក ម៉ននី ជីវិត នាយករងទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារគេហទំព័រខេត្ត នាំនូវថវិកាចំនួន៨០០,០០០រៀល (ប៉ែតសិបម៉ឺនរៀល) ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម យន្ត មីន និងលោកជំទាវ ឧបត្ថម្ភជូនទៅលោក ចាន់ សាវី អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ( ០៩៦ ៦៤៩ ៧១៧៩) និងលោកស្រី វឿន ឌឿ អាយុ ២៧ ឆ្នាំ ជាមេផ្ទះ មានទីលំនៅនៅភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវជាឱពុកម្តាយរបស់កុមារី វី លីណា អាយុ ៤ ឆ្នាំ កំពុងតែមានរោគមហារីកបាតភ្នែកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយពីពិនិត្យយ៉ាងម៉ត់ចត់របស់ក្រុមគ្រូពេទ្យជំនាញនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កុមារី លីណា ត្រូវធ្វើការព្យាបាលដោយបច្ចេកវិទ្យាខ្ពស់ ដូច្នេះកុមារីត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ សូវៀត នៅរាជធានីភ្នំពេញដើម្បីព្យាបាលបន្តទៀត។
ក្រុមការងារសូមជូនពរឱ្យកុមារី លីណា ទទួលបានជោគជ័យក្នុងការព្យាបាល និងមានសុខភាពល្អក្នុងពេលឆាប់ៗនេះ។
រូបភាព និងអត្ថបទដោយ៖ ក្រុមគេហទំព័រខេត្ត