រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
ព្រឹកថ្ងៃ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក្ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល នានាក្នុងខេត្ត។
កិច្ចប្រជុំផ្តោតសំខាន់លើផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ចាប់ពីថ្ងៃ ០១ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធិភាព និងអនុវត្តបទបញ្ជាលេខ០១នចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្តោតលើគោលការណ៍ រួមនឹងវិធានការ៥ នៃផែនការអនុវត្តក្នុងយុទ្ធនាការលើកទី១ និងទី២ ដោយបង្កើនសកម្មភាពការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ផ្តោតសំខាន់អប់រំឲ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ យល់ ដឹង ស៊ីជម្រៅ អំពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន ។
អនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់សំដៅកាត់បន្ថយទីផ្សារជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ជម្រុញ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ ជម្រុញសកម្មភាពព្យាបាល ស្តារនីតិសម្បទា ពង្រីកសេវាព្យាបាលយុវវ័យដែលរងគ្រោះព្រោះថ្នាំញៀន។
ឯកឧត្តម យន្ត មីន មានប្រសាសន៍កោតសរសើរមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថ ដែលបានបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលខេត្តនឹងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់លើកទី៣ ឲ្យទទួលបានជោគជ័យ ព្រមទាំងជម្រុញឲ្យអគ្គលេខាដ្ឋានគ្រឿងញៀនខេត្ត ធ្វើវេទិការផ្សព្វផ្សាយជាមួយវិស័យឯកជន អង្កការសង្គមស៊ីវិលនានា ដើម្បីចូលរួមរឹតបណ្តឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ពិសេសរកមុខសញ្ញាមេក្លោងចែកចាយ ការផលិតគ្រឿងញៀន ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ៕TR
ដោយ លោក ងូ សុមុនី