ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ គ.ស២០១៧ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៤៣ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ធក្នុងខេត្ត ដើម្បីធ្វើការពិភាក្សាលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក និងលើកទិសដៅការងារអនុវត្តន៍បន្ត ។
កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តព្រះ សីហនុ បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ០៥ រួមមាន៖
-ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ។
– ទី២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។
-ទី៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
-ទី៤. ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ គណៈកម្មាធិការលទ្ធកម្ម គណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិ វឌ្ឍន៍ធនធានមនុស្សខេត្ត គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
– និងទី៥ បញ្ហាផ្សេងៗ ។
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរមន្ត្រីតាមមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុវត្តការងារនាពេលកន្លង មកទទួលបានលទ្ធផលល្អ តាមតួនាទី ភារកិច្ចធ្វើឱ្យបទ ល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ម្យ៉ាងទៀតការអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ដូច្នេះយើងត្រូវបន្តសកម្មភាពការងារក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ បន្តអនុវត្តន៍ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាព លុបបំបាត់បាតុភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុ មានការវិវឌ្ឍរីកចម្រើន ។
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានជម្រុញឱ្យគ្រប់ផ្នែក ជំនាញត្រូវខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ ពិសេសត្រៀមរៀបចំសណ្តាប់ធ្នាប់សាធារណឱ្យមានសោភណ័ភាព ដើម្បីចូលរួមអបអរសាទបុណ្យឆ្លងឆ្នាំសកល២០១៧ -២០១៨ និងឈានចូលមកដល់នាពេលខាងមុខឱ្យទទួលបានលទ្ធផលល្អ ដោយសារតែកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិបានមកលេងកម្សាន្តបុណ្យឆ្លងឆ្នាំសកលនៅខេត្តមាត់សមុទ្រពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់ ពិសេសការអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ០៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវសេចក្តីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ TR
(អត្ថបទ និងរូបភាព:ដោយលោក ងូ សុមុនី និងក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ)