សាលាខេត្តព្រះសីហនុ៖ ដើម្បីអបអរសាទរនាឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិត្តស័ក ព.ស២៥៦២ គ.ស២០១៨ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ សាលាខេត្តព្រះសីហនុ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានរៀបចំពិធីសំណេះសំណាលដ៏ធំមួយ ជាមួយនឹងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
ជាមួយនឹងពិធីសំណេះសំណាលនេះ ឯកឧត្តម យន្ត មីន ក្នុងនាមគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្តបំពេញតួនាទី ភារកិច្ច បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ប្រកបដោយឆន្ទៈ មនសិកាខ្ពស់ និងទទួលបាននូវការកោតសរសើរពីប្រជាពលរដ្ឋ។
គោរពតាមគោលការណ៏ប្រកបដោយតម្លាភាពពីរាជរដ្ឋាភិបាល ឯកឧត្តម អភិបាលខេត្ត បានជូនពរ និងផ្តល់នូវប្រាក់រង្វាន់លើកទឹកចិត្ត ឧបត្ថម្ភជូនមន្ត្រីរាជាការទាំងអស់ ទៅតាមតួនាទី ភារកិច្ច ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ៕ NRa