ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវតំណាង ឯកឧត្តម ប៉ុល សារឿន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ចេវ គឹមហេង អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ និងវត្តមានឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយមានម្ហូបអាហារ និងថវិកាទៅឧបត្ថម្ភជូនគ្រួសារក្មេងៗដែលកំពុងស្នាក់នៅនឹងរៀនសូត្រជាមួយអង្គការម្លប់តាប៉ាងក្នុងក្រុងព្រះសីហនុជាង២០០គ្រួសារ។
នាឱកាសនោះឯកឧត្តមបានមានប្រសាសន៏សំណេះសំណាល សួរសុខទុក្ខ ដោយក្របកដោយការយកចិត្តទុកដាក់ និងចូលរួមចែករំលែកសុខទុក្ខជាមួយក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាលកូន ក្មួយៗ ដែលជួបនូវការលំបាក និងបានឱ្យកូនចៅមកស្នាក់នៅរៀនសូត្រជាមួយអង្គការម្លប់តាប៉ាងក្នុងក្រុងព្រះសីហនុកន្លងមក និងបានចែកនូវអំណាយរបស់កាកបាទក្រហម ដែលមាននូវអង្ករក្នុងមួយគ្រួសារ ១បាវ និងឃីត១ រួមនឹងថវិកា ២០,០០០រៀល។
គួរបញ្ជាក់ផងដែលថា អង្គការម្លប់តាប៉ាងនេះជាអង្គការមួយដែលបានជួយអោយក្មេងៗកំព្រា ឬគ្រួសារជួបលំបាកផ្នែកជីវភាពអោយបានសិក្សារៀនសូត្រ យកចំណេះដឹង រួមទាំងបានកាត់បន្ថយនូវជនដែលរស់នៅតាមចិញ្ចើមផ្លូវនានាក្នុងខេត្តព្រះសីហនុផងដែរ។
នាឱកាសនេះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងប្រកាសអោយបានដឹងផងដែរថារដ្ឋបាលខេត្តព្រះសីហនុ និងរៀបចំនូវគម្រោងជួសជុលផ្លូវចូលមកកាន់អង្គការម្លប់តាប៉ាងដែលមានប្រវែងប្រមាណ៣៥០ម៉ែត្រ ដែលតបនិងការស្នើពីមុន។TR (រូបភាព និង អត្ថបទដោយ៖ សម្បត្តិ)