នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារ ស្ថិតក្នុងឃុំទាំង៤ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដោយមិនប្រកាន់វណ្ណ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសផ្ដោតលើការផ្តល់សេវាសុខភាព សុវត្ថិភាព និងសមធម៌ជូនប្រជាពលរដ្ឋ ការផ្តល់សេវាសុខភាពតាមរយៈអន្តរាគមន៍ នៃកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា-ទារក និងអាហារូបត្ថម្ភលើស្រ្តី និងកុមារ។ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងរាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈគ្របដណ្ដប់ នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈបានដើរទន្ទឹមគ្នា នឹងការកែលម្អគុណភាពសេវាសុខាភិបាល បង្ការ ពិនិត្យព្យាបាល និងថែទាំឱ្យកាន់តែប្រសើរឡើងទៅតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការលើកលែងការបង់ថ្លៃសេវា ដែលជារបាំងឧបសគ្គភូមិសាស្ត្រផង់ និងរបាំងឧបសគ្គហិរញ្ញវត្ថុផង ពោលគឺផ្តល់ការបង្ការហានិភ័យហិរញ្ញវត្ថុដល់គ្រួសារក្រីក្រឱ្យមកប្រើប្រាស់សេវាសុខភាពសាធារណនៅតាមមូលដ្ឋាន សុខាភិបាលដោយគ្មានបង់ថ្លៃ នៅពេលមានបញ្ហាសុខភាព ឬជំងឺ។
ឯកឧត្តម ប្រធានស្តីទី ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រីមានគភ៌ត្រូវទៅពិនិត្យផ្ទៃពោះយ៉ាងហោចឱ្យបាន ៤ដង មុនពេលសម្រាលកូន ហើយទៅពិនិត្យតាមដានការលូតលាស់របស់កូនក្នុងផ្ទៃឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យ និងយកកូនទៅចាក់វ៉ាក់សាំង ព្រមទាំងពិភាក្សាជាមួយគ្រូពេទ្យអំពីការលូតលាស់របស់កូន ដើម្បីធានាថាកូនរបស់បងប្អូនមានសុខភាពល្អ។ ឯកឧត្តម ប្រធានស្ដីទី ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋស្រុកស្ទឹងហាវ ត្រូវខិតខំជំរុញតម្រង់ទិសកូនចៅប្រឹងប្រែងរៀនសូត្រគ្រប់ជំនាញ និងបានចូលបំរើការងារក្នុងប្រព័ន្ធ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗប្រកបដោយស្ថេរភាព ដើម្បីទាក់ទាញអ្នកវិនិយោគ មកធ្វើវិនិយោគកាន់តែច្រើន ហើយឱកាសការងាររបស់យើងក៏មានកាន់តែច្រើនក្នុងការបង្កើនជីវភាពរបស់បងប្អូនកាន់តែល្អប្រសើរឡើងថែមទៀត។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាព ធ្វើឱ្យប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិក្នុងសង្គម ដោយរដ្ឋផ្តល់សារៈសំខាន់លើការរៀបចំនូវប្រព័ន្ធសន្តិសុខសង្គម និងជំនួយសង្គម ការលើកកម្ពស់វិស័យធានារ៉ាប់រង ការពង្រឹងនឹងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សមភាពយេន ឌ័រ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ក្នុងនោះមាន (ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា ក្នុងគោលដៅ គឺកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា និងទារក ការពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំអភិបាលកិច្ចក្នុងវិស័យសុខាភិបាល បន្តបង្កើនគុណភាព និងសមត្ថភាពវិភាគរោគវិនិច្ឆ័យ ការព្យាបាល ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល លើកកម្ពស់សមត្ថភាពជំនាញ។ ព្រមទាំងធ្វើការអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ ដូច្នេះត្រូវមើលនៅជុំវិញផ្ទះដោយកំចាត់ដង្កូវទឹក ដើម្បីធានាថា មិនមានដង្កូវទឹកនៅជុំវិញផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលវត្ថុដក់ទឹកដែលមិនប្រើប្រាស់មានដូចជា៖ សំបកកង់ឡាន សំបកកង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាងមិនប្រើប្រាស់ និងវត្ថុអាចដក់ទឹកដទៃផ្សេងទៀតនៅជុំវិញបរិវេនផ្ទះរបស់បងប្អូន ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាតគ្រប់ៗគ្នា។
អំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស ឃីតចំនួន១កញ្ចប់ មាន (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕