នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជូនដល់ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិ នៃស្រុកព្រៃនប់។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេបស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាថា បុគ្គល និងគ្រួសារទទួលនូវការការពារផ្នែកសុខភាព និងហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ដោយផ្តោតលើចក្ខុវិស័យបេសកម្ម និងគោលការណ៍មគ្គុទេសប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និរន្តរភាពនិងអង្គតិភាព សម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលស្ថិតនៅក្រោបបទប្បញ្ញាតិ នៃច្បាប់ស្តីពីការងារ មានដូចជា ១.ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិ សុខសង្គមផ្នែកហានិភ័យការងារ ២.ផ្នែកថែទាំសុខភាព .ផ្នែកប្រាក់សោធន .ផ្នែកនិកម្មភាពការងារជាដើម។
ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៅស្រុកព្រៃនប់ ចំនួន ២៤១នាក់។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាព បានធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ ស្មើឱកាស” ក្នុងសង្គមជាតិ រដ្ឋផ្ដល់សារៈសំខាន់លើការរៀបចំឱ្យបានរឹងមាំនូវប្រព័ន្ធសន្តិសុខសង្គម និងជំនួយសង្គម ការលើកកម្ពស់វិស័យធានារ៉ាប់រងការពង្រឹង និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ការយកចិត្តទុកដាក់លើវិស័យកីឡា និងសុខភាពសាធារណៈ ការលើកកម្ពស់សមភាពយេនឌ័រ ការលើកកម្ពស់សង្គមឌីជីថល ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខុដុម នៃសង្គមជាតិ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្តល់នូវការថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា អត្ថប្រយោជន៍នៃប័ណ្ណ (ប.ស.ស) មាន ៣ចំណុច ១.ការថែទាំសុខភាព ២.គ្រោះថ្នាក់ការងារ ៣.ប្រាក់សោធននិវត្តន៍។
ឯកឧត្តម អភិបាលខេត្តបាន បន្តថារាជរដ្ឋាភិបាលបានបើកឱ្យចុះឈ្មោះតាមប្រព័ន្ធអនឡាញទៅទស្សនកិច្ចតំបន់អភិវឌ្ឍត្រីកោណ CLV (DTA)ដោយមិនគិតថ្លៃ ជាបន្ទុករបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនរបស់យើងបានស្វែងយល់ ព្រោះតំបន់ត្រីកោណ CLV មានការគាំទ្រពីរដ្ឋាភិបាលជប៉ុន ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ទឹក ភ្លើង។ ហើយក្នុងនោះធនាគារ ADB ក៏បានចូលរួមអភិវឌ្ឍន៍តំបន់ត្រីកោណនេះផងដែរ ដែលមាន៣ ប្រទេស មានដូចជា កម្ពុជា ឡាវ និងវៀតណាម ដើម្បីសម្រួលក្នុងការដឹកជញ្ជូនសម្រួលពាណិជ្ជកម្មឆ្លងកាត់កាន់តែមានភាពងាយស្រួល។ ការអភិវឌ្ឍតំបន់ត្រីកោណគឺជាការជម្រុញឱ្យប្រជាពលរដ្ឋទៅរស់នៅការពារព្រំដែនរបស់កម្ពុជា និងប្រែក្លាយព្រំដែនកម្ពុជា ជាព្រំដែនដែលមានសុខសន្តិភាព និងព្រំដែនមានការអភិវឌ្ឍន៍។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣៨ ជំរុញខេត្តព្រះសីហនុ ជាខេត្តដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដោយសារខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពល មានដូចជា កំពង់ផែអន្តរជាតិទឹកជ្រៅនៅឆ្នាំ២០២៩ មានជំរៅទឹក ១៧.៥០ម៉ែត្រ ធ្វើឱ្យនាវាដែលមានទម្ងន់ ១៦ម៉ឺនតោនចូលចតបាន ហើយក៏ជាកំពង់ផែសម្រាប់ផ្ទេរទុកដាក់ទំនិញធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនមានការថយចុះ។ ម្យ៉ាងទៀតការបើកការដ្ឋានព្រែកជីកហ្វូណន តេជោ បង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍផ្លូវដឹកជញ្ជូនរបស់កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់វិស័យដឹកជញ្ជូនផ្លូវទឹក និងជាផ្លូវទឹកប្រវត្ដិសាស្ដ្រថ្មីមួយទៀតនៅកម្ពុជា។ នេះជាសកម្មភាពរបស់រាជរដ្ឋាភិបាលដែលបានខិតខំធ្វើបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្កើនការងារសមធម៌ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយ គម្លាតសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលតំណាក់កាលទី១ ដោយផ្តោតលើគោលការណ៍យុទ្ធសាស្ត្រចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលបានគិតគូរជំរុញវិស័យអប់រំ អ្នកចេះតិចជួយបង្រៀនអ្នកមិនចេះ ទន្ទឹមនោះរាជរដ្ឋាភិបាលកសាងសាលារៀននៅគ្រប់កម្រិតសិក្សាឱ្យគៀកនឹងប្រជាពលរដ្ឋ នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឱ្យយុវជនរបស់យើងមានចំណេះ ជំនាញប្រកប ដោយគុណភាព គុណធម៌ និងចរិយាធម៌។ ដូច្នេះយើងត្រូវចូលរួមថែរក្សាសុខសន្តិសុខរបស់យើងឱ្យបានគង់វង្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិនិងការអភិវឌ្ឍក្រុមគ្រួសារកាន់តែល្អឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕