ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅវេទិការ ៧មករា បានប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភ: ដែលកម្មវិធីនេះធ្វើឡើងស្របទៅតាមការកំណត់ក្នុងច្បាប់ ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រម នស/ រកម / ០៦១៣ /០០៧ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ។
ការប្រារព្ធទិវាជាតិនេះ គឺសំដៅរំលឹកប្រជាពលរដ្ឋយើងនៅទូទាំងខេត្ត ក៏ដូចជានៅទូទាំងប្រទេសឱ្យមានការយល់ដឹង និងចងចាំថា អគ្គីភ័យគឺជាគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬ គ្មានការប្រុងប្រយ័ត្ន ។
លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ បានមានប្រសាសន៍ឲ្យដឹងថា តាមរបាយការស្តីពីសភាពការណ៍គ្រោះថ្នាក់អគ្គីភ័យក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំកន្លងមកនេះឆ្នាំ២០១៦សរុបមាន២៩ លើក បើប្រៀបធៀបនឹងឆ្នាំ២០១៥ កើនឡើង៦លើកករណីអគ្គីភ័យមាន២៣លើកឆ្នាំ២០១៦ បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ ក្មេងរបួស រលាកភ្លើង ២នាក់ប្តីប្រពន្ធ ព្រមទាំងឆេះផ្ទះ៣០ខ្នង ឆេះផ្ទះថ្មមាន៤បន្ទប់ ឆេះផ្ទះល្វែង មាន២ល្វែងផ្ទាល់ដី ឆេះឃ្លាំងស្តុកសំភារ:២ខ្នង និងកសិដ្ឋានចិញ្ចឹមមាន់២ខ្នង រួមទាំងកន្លែងស្តុកអេតចាយ១កន្លែង និងឆេះខូចខាតឧបករណ៍សំភារ:ទ្រព្យសម្បត្តិមួយចំនួនធំ ។
គ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យមានទ្រង់ទ្រាយធំ
មាន៣លើក បង្កឱ្យមានការបាត់បង់ជីវិត និងមហន្តរាយធ្ងន់ធ្ងរ:
– លើកទី១ អស់ផ្ទះ៦ខ្នងជាប់គ្នានៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឆ្នាំ២០១៦ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ក្មេងដេកក្នុងផ្ទះ។
– លើកទី២អស់ផ្ទះ៥ខ្នង ជាប់គ្នា នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ហើយនៅក្នុងឆ្នាំ២០១៦ពីរនាក់ប្តីប្រពន្ធដែលរបួសរលាកភ្លើងបណ្តាលមកពីភ្លើងឆេះផ្ទះនោះ គឺមូលហេតុដោយសារឆ្លងចរន្តអគ្គិសនី។
– លើកទី៣ អស់ផ្ទះ៤ខ្នងជាប់គ្នានៅភូមិគ្រាំង អាត់ ស្រុកកំពង់សីលាខេត្តព្រះសីហនុក្នុងឆ្នាំ២០១៦ បណ្តាលអោយបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ មូលហេតុឆ្លងចរន្តអគ្គិសនីដែរ ។
នៅដើមត្រីមាសទី១ឆ្នាំ២០១៧កើតមានគ្រោះអគ្គីភ័យចំនួន៧លើក ក្នុងនោះ ករណីទ្រទ្រាយធំ
ចំនួន២លើក:
– លើកទី១: ឆេះឡត៍ចំហាយក្នុងរោងចក្រ ក្រុម ហ៊ុន FINE FLCORING ផលិតកុងផ្លាកកេ នៅស្រុកព្រៃនប់ក្នុងនោះបណ្តាលអោយរងរបួសដល់មន្រ្តីពន្លត់អគ្គីភ័យ១នាក់។
– លើកទី២អស់ហាង៣ខ្នង និងបឹងហ្គាឡូ ២២បឹងហ្គាឡូ សង់ជាប់គ្នា នៅភូមិ៦ សង្កាត់៤ក្រុងព្រះសីហនុបណ្តាលអោយបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ មូលហេតុឆ្លងចរន្តអគ្គីសនីពីម៉ាស៊ីនភ្លើងតូច ៕ TR អត្ថបទ: មន្ទីរព័ត៌មាន រូបភាព: សម្បត្តិ