ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ កាលពីវេលា ម៉ោង៨ និង៣០នាទី មានករណីរន្ធត់តក់ពន់ពេក ដែលកុមារី ៧នាក់ ក្នុងចំណោម ១០នាក់ បានលង់ទឹកស្លាប់នៅក្នុងបឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា÷ មុនពេលកើតហេតុមានក្មេងចំនួន ១០ នាក់ ក្នុងនោះក្មេងប្រុសម្នាក់ ក្មេងស្រីម្នាក់នៅលើគោក ចំណែក៩នាក់ទៀត បាននាំគ្នាជិះទូកលេង និងបេះផ្កាឈូក គឺទូកអ៊ុំធ្វើពីឈើ ប្រវែង៣ម៉ែត្រ ទទឹង១ម៉ែត្រ បន្ទាប់មកទូកក៏បានក្រឡាប់ បណ្តាលឲ្យលង់ទាំង៩នាក់សំណាងអាក្រក់ក៏ស្លាប់ក្មេងស្រីទាំង ៧នាក់នោះ ចំណែកក្មេងស្រីម្នាក់និងក្មេងប្រុសម្នាក់ទៀតដែលលង់ជាមួយគ្នានោះដែរក៍បានជួយសង្គ្រោះទាន់ពេលវេលាហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
កុមារីរងគ្រោះស្លាប់ទាំង៧នាក់នោះមាន ឈ្មោះ ដូចខាងក្រោម:
១-ម៉ឹង ស្រីគា អាយុ ១២ឆ្នាំ
២-ម៉ឹង ស្រីគីម អាយុ ១០ឆ្នាំ
៣- បូរ ស្រីកា អាយុ ៦ ឆ្នាំ
៤- ឃ្មីម អាយុ ៧ ឆ្នាំ
៥- ម៉េង ស្រីណុច អាយុ ៦ឆ្នាំ
៦- ជា សុខខឿន អាយុ ៧ឆ្នាំ និង
៧- ជ្រាន់ ស៊ីអ៊ី អាយុ ១៣ ឆ្នាំ
ដោយឡែកក្មេងរងគ្រោះដែលជួយសង្គ្រោះបានទាន់ពេលវេលានោះ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានឈ្មោះ ទី១- ថន ថាន់វី អាយុ១៣ ឆ្នាំ (ប្រុស ) និងទី២- ឈ្មោះ ស្រី នាង (ស្រី) ហើយក្មេងរងគ្រោះទាំងអស់នោះមានទីលំនៅ វត្តឥន្ទញ្ញាណ ហៅវត្តក្រោមក្បែរកន្លែងកើតហេតុ ។
ក្រោយកើតហេតុភ្លាមៗនោះដែរថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារសពព្រមទាំងបានជួយឧបត្ថម្ភនូវថវិកាដល់សពកុមារីទាំង៧នាក់ ក្នុងសពម្នាក់ៗទទួលបាន ៤០០.០០០រៀល និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានជួយឧបត្ថម្ភនូវអង្ករនិងថវិកាដល់សពកុមារីទាំង៧នាក់ក្នុងសពម្នាក់ៗទទួលបានអង្ករ១បាវស្មើនឹង៥០គីឡូក្រាម និងថវិកា៤០០.០០០រៀល ដោយឡែកសាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ បានជួយឧបត្ថម្ភដល់សពកុមារីម្នាក់ៗទទួលបាននូវថវិកាចំនួន: ១០ម៉ឺនរៀល និងអង្ករ១បាវស្មើនឹង ៥០គីឡូក្រាម ផងដែរ។
បច្ចុប្បន្នសពដំកល់ទុកនៅវត្តក្រោម និងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ TR អត្ថបទ: មន្ទីរព័ត៌មាន រូបថត: សម្បត្តិ