ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តចូលរួម អបអរសាទរ “ពិធីបុណ្យផ្កាសាគូរ៉ា Jinha Gunhanjae” លើកទី៦៣ នៅទីក្រុងឆាងវ៉ុន សាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងនាមខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ-ទីក្រុងឆាងវ៉ុន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានជួបសំដែងការគួរសមជាមួយលោក ហុង ណាំ ផ្យូ (Hong Nam-Pyo) អភិបាលក្រុងឆាងវ៉ុន និងបានស្នើឱ្យលោកអភិបាលក្រុង បន្តគាំពារដល់ពលករខ្មែរ និងស្ត្រីរៀបការស្វាមីកូរ៉េ នៅទីក្រុងឆាងវ៉ុន។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានជម្រាបជូនលោកអភិបាលក្រុង អំពីបំណងនៃការបង្កើនការវិនិយោគពីសំណាកវិនិយោគិនកូរ៉េ មកកាន់ប្រទេសកម្ពុជាជារួម និងដាច់ដោយឡែក នៅខេត្តព្រះសីហនុផងដែរ។








