នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានថ្លែងអំណរគុណ ឯកឧត្តម
អភិបាលខេត្ត និងសហការី ដែលបានអនុញ្ញាតឱ្យប្រតិភូលោកបានចូលជួបសម្តែងការគួរសមនាពេលនេះ ធនាគារ FTB ចាប់ផ្តើមក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសឆ្លងកាត់ការវិវឌ្ឍជាបន្តបន្ទាប់ និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារបានធ្វើការអភិវឌ្ឍនូវឥណទានមានដូចជា ប្រាក់បញ្ញើ និងឥណទានផ្សេងៗ បច្ចុប្បន្នធនាគារ FTB មានសាខាចំនួន ២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបន្តពង្រីកសាខាបន្តទៀតទៅតាមការវិវឌ្ឍរីកចម្រើន នៃប្រទេសជាតិ ធនាគារ FTB បានចាប់ផ្តើមសកម្មភាពនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១០ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្តរហូតមកដល់សព្វថ្ងៃនេះ ធនាគារ FTB បានផ្តល់សេវាលើពន្ធគយ ប.ស.ស ការបង់ទឹក ភ្លើង និងសារពើពន្ធជាច្រើនទៀត ហើយចក្ខុវិស័យរបស់ធនាគារ គឺផ្តល់សេវាឥណទានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ទន្ទឹមនោះយើងព្យាយាមជំរុញវិស័យឥណទានដោយធ្វើទំនើបកម្មបណ្តាញឌីជីថលបន្ថែមទៀត។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូធនាគារ FTB ដែលបានធ្វើរបាយការណ៍សង្ខេប ស្តីពីដំណើរការ និងសកម្មភាពរបស់ធនាគារនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ព្រោះវិស័យធនាគារអាចជួយលំនឹងវិស័យហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងគ្នារវាងរដ្ឋ និងវិស័យឯកជន សង្ឃឹមថា យើងនឹងធ្វើការងារជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ លើវិស័យឥណទាន រួមគ្នាសំដៅជំរុញកំណើនជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរឱ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បំពេញបេសកកម្មរបស់ខ្លួនទទួលបានជោគជ័យគ្រប់ភារកិច្ច៕









