Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤”

រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤”

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ និងលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារ ស៊ីប្រីសខេត្តព្រះសីហនុ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារ រដ្ឋបាលខេត្ត និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៃខេត្តព្រះសីហនុ ព្រមទាំងវិនិយោគិន និង វិស័យឯកជន សរុបប្រមាណ ១៣០ នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ អំពីការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីកម្មវិធីពិសេសនេះ ដល់វិនិយោគិនសក្តានុពលដែលមានចំណាប់អារម្មណ៍មកវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេស ផ្តល់ឱកាសដល់វិនិយោគិនក្នុងការសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីឈានទៅចាប់យកឱកាសវិនិយោគនៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។
តាមរយៈនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕