ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍នៃការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ខេត្តព្រះសីហនុ ក្នុងគោលបំណងអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំផ្តោតលើការពង្រឹងអភិបាលកិច្ចសាលារៀន ការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ និងការបង្រៀនបន្ថែម ២ម៉ោងក្នុង១ថ្ងៃ ការលើកកម្ពស់សុខភាព និងអនាម័យសិស្ស និងការជំរុញចូលរួមរបស់សហគមន៍ ដើម្បីអប់រំកូនចៅតាមសាលាបឋមសិក្សាររដ្ឋ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃសាលារៀនគោលដៅ គ.វ.អទាំង៦ ក្នុងខេត្ត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សី ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានបន្តថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីរៀបចំនឹងផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រ ផែនការសកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខ័ណ្ឌសមិទ្ធកម្មដែលរួមមាន សូចនាករគន្លឹះគោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយៈ ១-ការពង្រឹងអភិបាលកិច្ចសាលារៀន ២-ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ៣-ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ៤-ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតា បិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានពាំនាំសេចក្តីនឹករលឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ ខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញវិធានការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងការបង្រៀនកូនចៅ របស់យើងទទួលបានជោគជ័យ ទន្ទឹមនោះអរគុណ អភិបាលខេត្ត បានរៀបចំកម្មវិធីនេះ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងចលនាគាំទ្រសាលារៀន ពិសេសការបណ្តុះបណ្តាលគ្រូបង្គោល ជាគោលនយោបាយថ្មីមួយដោយមានការចូលរួមគាំទ្រពីមហាជន ដូច្នេះអ្នកពាក់ព័ន្ធមានដូចជាលោកគ្រូ អ្នកគ្រូ នាយក នាយិកា និងអាជ្ញាធរចូលរួមសហការចាប់ផ្តើមយុទ្ធនាការសាលារៀនគោលដៅ គ.វ.អ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅសាលារៀនគោលដៅ ក្នុងការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញវិធានការគន្លឹះក្នុងវិស័យអប់រំ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងវិធានការគន្លឹះចំនួន៥ ក្នុងនោះ ១.ការពង្រឹករដ្ឋបាលសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ប្រសិទ្ធផល ២.ការលើកកម្ពស់គុណភាពអប់រំ ៣.ការលើកកម្ពស់គុណភាពសុខាភិបាល ៤.ការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៥.ការពង្រឹងលើកកម្ពស់គុណភាពយុត្តិធម៌។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា ការលើកកម្ពស់គុណភាពអប់រំតាមរយៈវិធានគន្លឹះ៤ ក្នុងនោះ៖
-លើកកម្ពស់អភិបាលកិច្ចគុណភាពសាលារៀន
-កែសម្រួលកម្មវិធីសក្សា
-លើកកម្ពស់សុខភាពសិស្សានុសិស្ស
-លើកទឹកចិត្តការចូលរួមពីមាតា បិតា ព្រោះការអប់រំទាក់នឹងសកម្មភាពទាំង៤ ខាងលើ ដើម្បីជំរុញវិធានការគន្លឹះក្នុងការអប់រំ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិឱ្យមានការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាពឈានចូលទៅក្នុងទីផ្សារការងារបានងាយស្រួល ក្នុងការកសាងសង្គមជាតិមួយទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ៕
































