Home / ព័ត៌មានទូទៅ / ឯកឧត្តម ឆេង សុភ័ក្រ និងលោក សាមុត សុធារិទ្ធ អញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤

ឯកឧត្តម ឆេង សុភ័ក្រ និងលោក សាមុត សុធារិទ្ធ អញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ។

អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ មានសំណួផ្ទាល់មាត់ចំនួន១៧ មានដូចជា (សុំចេញបណ្ណកម្មសិទ្ធិ សុំវាស់វែងក្បាលដី ការសាងសង់របងសាលារៀន ការសាងសង់ផ្លូវតភ្ជាប់ភូមិ សង់ស្ពានឆ្លងកាត់ដៃព្រែក កំណត់ព្រំប្រទល់គោកសហគន៍នេសាទ) និងទទួលសំបុត្រចំនួន៤៧ យកមកពិនិត្យដោះស្រាយ។
ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក តម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង ស្រុក ក្នុងខេត្ត នៃឆ្នាំនីមួយៗដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវសំណើ សំណួរ ឬសំណូមពរសម្រាប់ធ្វើការដោះស្រាយក្នុងវេទិកា ដើម្បីបង្កើននូវវប្បធម៌ពិភាក្សាគ្នារវាងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងដៃគូរអភិវឌ្ឍនានាសម្រាប់លើកកម្ពស់ខ្សែគណនេយ្យភាព តម្លាភាព និងសមធម៌ ប្រកបដោយអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ដើម្បីធានាថា៖ ១.រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា
២.គ្រប់អ្នកពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវបានបញ្ចូលក្នុងដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនេះក្រុមប្រឹក្សាខេត្ត អាចបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យនៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗតាមរយៈដូចខាងក្រោម -ការផ្តល់ព័ត៌មានចែកជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា -ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ -ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា -ការទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា ឆ្លើយតបបានទាន់ពេលវេលា។
ក្នុងឱកាសនោះលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤នាពេលនេះ ផ្តល់ឱកាសជួបជុំពិភាក្សា ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងដៃគូរអភិវឌ្ឍនានា និងបងប្អូនប្រជាពលរដ្ឋសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកានេះ និងរួមគ្នាដោះស្រាយនូវសំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅតាមក្រុង ស្រុកទាំង៥ ហើយថ្ងៃនេះសម្រាប់ក្រុងកោះរ៉ុង ដែលមានពូ មីងបានលើកឡើងក្នុងអង្គវេទិកាមានដូចជា សុំចេញបណ្ណកម្មសិទ្ធិ និងសុំវាស់វែងក្បាលដី សាងសង់របងសាលារៀន និងសុំជួយសាងសង់ផ្លូវតភ្ជាប់ភូមិ ហើយរាល់សំណើ សំណូមពរទាំងនេះ សំណួរខ្លះវាមានការពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងការដោះស្រាយតាមកម្រិត ហើយការដោះស្រាយនាពេលនេះ ដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួមមានដូចជាមន្ទីរ អង្គភាពរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងភាពជឿជាក់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងរៀបចំផែនការមេប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដែលធ្វើការបែងចែកជាតំបន់ដឹកជញ្ចូន តំបន់លំនៅដ្ឋាន និងតំបន់ទេសចរណ៍បៃតង សម្រាប់ក្រុងកោះរ៉ុង ដូច្នេះការចូលរួមថែរក្សាការពារអនាម័យ បរិស្ថាន គឺជារឿងមួយសំខាន់នឹងចាំបាច់បំផុតដែលទាមទាឱ្យមានការចូលរួមពីបងប្អូនប្រជាពល រដ្ឋរបស់យើងនៅទីនេះ ដើម្បីឱ្យក្រុងកោះរ៉ុងរបស់យើងជាក្រុងទេសចរណ៍បៃតង ដែលមានតំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងនោះមានឧទ្យានជាតិបាតសមុទ្រ (ផ្កាថ្ម និងជីវចម្រុះបាតសមុទ្រ) ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរមកពីអ៉ឺរ៉ុបមកលេងកម្សាន្តនៅតំបន់កោះ នៃខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត៕