នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី២ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»នៅទីស្នាក់ការស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តាងនាមឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ខាងមុខនេះ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហា ប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ពុំខានឡើយ។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រង់ចាំទទួលអំណោយពីបងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុគ្រប់ពេលវេលា។