នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១៥ អាណត្តិទី៣ មានរបៀបវារៈចំនួន៥ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.តារាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលានៃការរៀបចំវេទិកា រវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
៤.ការបោះឆ្នោតជ្រើសរើសមន្ត្រីរាជការសាលាខេត្តដើម្បីបំពេញប្រអប់ទំនេរ (នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយ)
៥.ប្រសាសន៍បូកសរុប។