កិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ មានគោលដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន
—————————
នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសម្រួលនីតិវិធីអោយមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ សមាសភាពទាំងអស់បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេសសម្រាប់សកម្មភាពធុរកិច្ចក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល ដើម្បីពន្លឿនដល់ការដោះស្រាយបញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន ២ ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងបំពេញមុខងារដូចការិយាល័យច្រកចេញចូលតែមួយសម្រាប់វិស័យឯកជនដាក់សំណើ។ ក្នុងន័យនេះ សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕