នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញា្ញតឱ្យឯកឧត្តម Nguyen Anh Chuc ង្វៀន អាញ់ដឹក អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជំរាបជូនពីសក្តានុពល និងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងវិស័យសាសនា ខេត្តមានវត្តចំនួន៣៨ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន ២វត្ត មានព្រះសង្ឃសរុប ៨០០អង្គ មានមជ្ឍមណ្ឌលវបស្សនា ៤កន្លែង អាស្រម ៣កន្លែង វិស័យសាសនាគ្រិស្ទ មានព្រះវិហារ២ ឥស្លាមសាសនា មានព្រះវិហារ ១៧។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិសម្បុរបែប មានដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យអាទិភាពសម្រាប់រួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ ខេត្តមានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ត្រូវប្រសិទ្ធនាមថា ” ជាតារារះ នាទិសនារតី ” ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ ក្រោមការចង្អុលបង្ហាញ របស់គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច (ហ្វូគក-ខេត្តព្រះសីហនុ) ច្រករបៀងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-វៀតណាម-ថៃ (CVTEC) សហការអនុវត្តការផ្តល់ព័ត៌មាន និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបង្ក្រាបការជួញដូរមនុស្សខុសច្បាប់ និងគ្រឿងញៀនជាដើម។
ឯកឧត្តម Nguyen Anh Chuc ង្វៀន អាញ់ដឹក អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតិឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសង្គម ក្នុងនាមគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម មកទស្សនកិច្ចខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា កាន់តែជិតស្និតបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈប្រតិភូបានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាពជាការងារល្អរវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ វាបានដើតួនាទីសំខាន់ក្នុងការធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មាន ជំរុញការអភិវឌ្ឍខេត្ត-ក្រុងទាំងពីរ ការផ្លាស់ប្តូរគណៈប្រតិភូ និងការធ្វើមាតុភូមិនូវអដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅសម័យសង្គ្រាមនៅកម្ពុជា ទន្ទឹមនោះក៏មានកិច្ចសហការរវាងសមាគមនារីប្រទេសវៀតណាម និងសមាគមនារីរបស់ខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កាន់តែមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានផ្តល់ព័ត៌មាន កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការរត់ព័ន្ធមនុស្សឆ្លងដែនខុសច្បាប់ គ្រឿងញៀន នៅតាមព្រំដែន ពិសេសវិស័យសាសនា ដោះស្រាយបញ្ហានៅតាមព្រំដែន និងការផ្តល់ព័ត៌មាន នៅតាមព្រំដែនរវាងខេត្តទាំងពីរ ព្រមទាំងបានសំណូមពរគណៈអភិបាលខេត្ត ជួយសម្របសម្រួលប្រជាជនវៀតណាមដែលរស់នៅខេត្តព្រះសីហនុ និងជំរុញកិច្ចសហប្រតិបត្តិការខេត្តមេត្រីភាពលើផ្នែកព្រះពុទ្ធសាសនាឱ្យកាន់តែជិតស្និតថែមទៀត។