រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់កាលបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងមេឃុំ ចៅសង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង និងគណៈប្រតិភូអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិដ៏សម្បូរបែបចែកចេញជា ២ក្រុង ៣ស្រុកមាន ២៣ឃុំ-៦សង្កាត់ និង ១១១ភូមិ ។ ខេត្តមានកោះធំ-តូចចំនួន ៣0 ថ្មដុះ២ និងថ្មប៉ប្រះទឹក៥ ឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីទ្បូម៉ែត្រ មានប្រជាជន ប្រមាណ ៣១០.០០០នាក់។ ខេត្តព្រះសីហនុ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) នៅឆ្នាំ២០២១ មានចំនួន៤.១៨០ដុល្លារអាមេរិក ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,៨% នៅឆ្នាំ២០២២។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងមានផ្លូវចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្ម និងចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមារួមមាន រង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ ក្រៅពីសមិទ្ធផលខាងលើ យើងមានកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ បាននំាភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។ ក្រុមប្រឹក្សាគណៈអភិបាល និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ។ ចំណែកអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ បានកំពុងដំណើការយ៉ាង សកម្មក្នុងការបម្រើសេវាសាធារណៈ ឱ្យបានលឿន រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឍការ នៅថ្នាក់ក្រោមជាតិកាន់តែច្រើនឡើង ទាមទារឪ្យយើងទាំងអស់គ្នាត្រូវធ្វើការកែលម្អ ស្ថានភាព សមត្ថភាពក្នុងការបំររើសេវានៅក្នុងមូលដ្ឋាន ដើម្បីកែលម្អ និងធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវបន្ថែមទៀត ការចាប់ផ្តើមនេះយើងអាចរកឃើញបញ្ហាពាក់ព័ន្ធដែលត្រូវធ្វើការកែលម្អឪ្យបានព្រមៗគ្នា ស្នើសុំឱ្យមេឃុំ ចៅសង្កាត់ ខិតខំស្តាប់ និងសួរនាំ ដើម្បីឱ្យមន្រ្តីរបស់យើងមានការយល់ដឹងកាន់តែស៊ីជម្រៅក្នុងការងារបំរើសេវា ឆ្លើយតបទៅនិងការកែទម្រង់តាមបែបវិមជ្ឍការ និងវិសហមជ្ឍការ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ថ្នាក់ខេត្តមានច្រក-ចេញចូលតែមួយ ចំណែកក្រុង ស្រុកក៏មានច្រកចេញចូលតែមួយ ក៏ប៉ុន្តែនៅតាមឃុំសង្កាត់ទាំង២៩ បានដាក់ឪ្យដំណើរការច្រកចេញចូលតែមានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងមក ទន្ទឹមនោះយើងក៏បានធ្វើការប្រឡងប្រណាំងសម្រាប់ឆ្នាំ២០២២ យើងពិនិត្យឃើញថាសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ទទួលបានលេខ១ ក្នុងការប្រឡងប្រណាំងឃុំ សង្កាត់ដែលបំរើសេវាល្អជាងគេ និងបន្តការប្រឡងប្រណាំងការបំរើសេវាឆ្នាំ២០២៣ បន្តទៀតផងដែរ។