ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាគារ “គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មការដឹកនាំការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដោយមានការចូលរួមពីបណ្តាអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ពិធីប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហឹង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ មានគោលបំណងលើកកម្ពស់ និងបង្កើនការយល់ដឹង និងបង្ការទប់ស្កាត់ និងឆ្លើយតបលើគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារឱ្យបានគ្រប់រូបភាពដោយមានការចូលរួមសហការ និងឧបត្ថម្ភ ពីអង្គការដៃគូមានដូចជា អង្គការយូនីសេហ្វ USAID និងដោយមានការចូលរួមអនុត្តផ្ទាល់ពីគ្រួសារ សហគមន៍ អជ្ញាធរមូលដ្ឋាន និងតួអង្គពាក់ព័ន្ធជាច្រើនទៀតដូចជា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរធម្មការ និងសាសនា មន្ទីរអប់រំយុវជន និងកីឡា គណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុង ស្រុក មន្រ្តីការិយាល័យសុខុមាភាពសង្គម និងសេវាសង្គម មន្រ្តីសង្គមកិច្ច និងមន្ទីរកិច្ចការនារីខេត្ត។