ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខកុមារអង្គការម្លប់តាប៉ាងប្រមាណជា ៦៥០នាក់ នៅអង្គការម្លប់តាប៉ាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងក្រុងព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។
លោកស្រី រ័ត្ន ច័ន្ទផល្គុន នាយិកាអង្គការលោកតាប៉ាងបានឱ្យដឹងថា អង្គការម្លប់តាប៉ាងបាននឹងកំពុងធ្វើការងារជាមួយកុមារ យុវជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅក្នុងខេត្តព្រះសីហនុផ្តល់ឱកាសដល់ពួកគេនូវជម្រើសជាវិជ្ជមាន និងការគោរពសិទ្ធិដោយគ្មានការរើសអើង ថ្ងៃនេះមានកុមារចំនួនជាង ៦៥០នាក់ បានចូលរួមទទួលទានអាហារថ្ងៃត្រង់ដែលឧបត្ថម្ភដ៏ថ្លៃថ្លាប្រកបដោយទឹកចិត្តមនុស្សធម៌ ពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន។ អង្គការបានធ្វើការងារជាមួយកុមារ យុវជនវ័យក្មេង និងគ្រួសារមានជម្រើសវិជ្ជមាន និងផ្តល់សេវាកម្មដូចជា៖
១.កម្មវិធីសហគមន៍ តាមមូលដ្ឋាន
២.កម្មវិធីបញ្ជូនកុមារចូលសាលារៀន
៣.កម្មវិធីសុខភាព
៤.កម្មវិធីការពារសិទ្ធិកុមារ និងទូរស័ព្ទបន្ទាន់សម្រាប់កុមារបំរើការងារ ២៤ម៉ោង
៥.កម្មវិធីចលនាសុវត្ថិភាពកុមារ
៦.កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ (មណ្ឌលបន្សាបគ្រឿងញៀន គ្រឿងស្រវឹង)
៧.កម្មវិធីអប់រំ សិល្បៈ កីឡា និងថែទាំពេលថ្ងៃ
៨.កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (ភោជនីយដ្ឋានបណ្តុះបណ្តាល ” សណ្តាន់” ជួសជុលកង់ ម៉ូតូ អគ្គិសនី និងផលិតផលតាមផ្ទះ)
៩.កម្មវិធីអនាគត ការងារ និងមុខរបរ
១០.កម្មវិធីអប់រំសហគមន៍ និងផ្ទះថែទាំទារក
១១.កម្មវិធីកុមារពិសេស
១២.កម្មវិធីថែទាំជំនួស និងមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ អង្គការម្លប់តាប៉ាងបានខិតខំរួមគ្នាជម្នះការលំបាកស្មុគស្មាញផ្សេងៗសំដៅទៅរកការកសាងធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសធនធានមនុស្សខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយកុមារ គ្រួសារធ្វើការ និងរស់នៅតាមថ្នល់។ ដែលកន្លងមកលោកជំទាវ ប្រាក់ ចន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះតយោបល់ស្រ្តី និងកុមារ បានចុះនិងសហការជាមួយអង្គការម្លប់តាប៉ាងជាបន្តបន្ទាប់ ថ្ងៃនេះយើងបានឯកភាពគ្នា ចុះសួរសុខទុក្ខ និងនាំយកអាហារ មាននំប័ង នំបញ្ចុក និងសម្លការីជូនកុមារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ដោយឡែកកុមារកំព្រានៅទីនេះ មិនមានឱកាសទៅវត្ត តែកុមារបានជួបគ្នានៅទីនេះ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ កោតសរសើរវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាងរួមសហការការគាំទ្រលើកកម្ពស់កុមារនៅខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបជុំគ្នា ម្យ៉ាងទៀតនៅតំបន់នេះ រងការជន់លិចនៅរដូវវស្សារយៈពេលខ្លី បង្កការរៀនសូត្ររបស់កុមារ ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីនោះទេ។ រដ្ឋបាលខេត្ត បានជម្រុញ និងប្រែប្រួលតំបន់នេះដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញអង្គការម្លប់តាប៉ាង ប្រកបដោយសោភ័ណ្ឌភាពកាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ស្នើសុំអ្នកគ្រប់គ្រងអង្គការម្លប់តាប៉ាងដឹកនាំចែកចាយនំប័ង សម្លជូនដល់កុមារនៅតាមទីតាំងនានាក្នុងខេត្តព្រះសីហនុ ព្រោះថ្វីត្បិតទីនេះមិនសមល្មម សម្រាប់ការជួបជុំកុមារទាំងជាង ៦៥០នាក់។
សូមបញ្ជាក់ថា ការរៀបចំនំប័ង នំបញ្ចុក និងសម្លការី និងថវិកា ៥០.០០០រៀលក្នងកុមារម្នាក់ ជាការជួយឧបត្ថម្ភពីសប្បុរសជន៕