រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី នៃការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកីឡាករនគរបាលជាតិ និងក្រុមកីឡាករបឹងកេត ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័យបរិស្ថាន និងក្រុមកីឡាករបឹងកេត នៅអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ការប្រកួតកីឡាបាល់ទាត់រវាងក្រុមក្លឹបនគរបាលជាតិ តំណាងឱ្យខេត្តព្រះសីហនុ ជាមួយក្រុមកីឡាករក្លឹបបឹងកេត ចប់ការប្រកួតក្លឹបកីឡាបាល់ទាត់បឹងកេតឈ្នះក្រុមកីឡាករនគរបាលជាតិ ៣ទល់នឹង១។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍កីឡាករទាំងពីរក្រុម ដែលបានចូលរួមការប្រកួតកីឡាមិត្តភាព ហើយការលេងកីឡាវាមានចាញ់ និងឈ្នះ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីកម្លាំងកាយ ប្រាជ្ញាស្មារតី ទេពកោសល្យ បទពិសោធន៍ រួមសាមគ្គីជាធ្លុងមួយសម្រាប់ក្រុមនីមួយៗ ការលេងកីឡានាំមកនូវសន្តិភាព មិត្តភាព សាមគ្គីភាពធ្វើឱ្យកម្លាំងកាយរបស់យើងរឹងមាំ បង្កើនបាននូវមិត្តភាពថែមទៀតផង ម្យ៉ាងទៀតការលេងកីឡាគឺអាចចៀសផុតពីការសេពគ្រឿងញៀន។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនក្រុមកីឡាទាំងពីរក្រុម ក្នុងមួយក្រុមថវិកា ៥លានរៀល ដោយឡែកក្រុមការងារបច្ចេកទេសរៀបចំការប្រកួតទទួលបានថវិកា ២លានរៀលផងដែរ។