-ករណីទី១ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន១នាក់ ជាស្ត្រីជនជាតិម៉ាឡេស៊ី ឈ្មោះ KHOO AI LEE អាយុ២៧ឆ្នាំ ពីក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងសាកសួរ ជនរងគ្រោះបានឱ្យដឹងថា ខ្លួនត្រូវបានគេចាប់បង្ខាំងដោយខុសច្បាប់ ប្រើហិង្សា កំហែងយកជួញដូរកម្លាំងពលកម្ម និងកាន់កាប់អាវុធដោយខុសច្បាប់។ ក្នុងកិច្ចប្រតិបត្តិកាតនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៨នាក់ ជាបន្តបន្ទាប់ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតបានអាវុធខ្លីម៉ាក ZORAKI ចំនួន១ដើម។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដើម្បីបំរើការងារ
យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គិតតចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដើម្បីបំរើការងារឱ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សមត្ថកិច្ច បានបន្តស្រាវជ្រាវពីប្រភពអាវុធខ្លីនោះ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត បានឈានដល់ការស្រាវជ្រាវបង្ក្រាបជនសង្ស័យជួញដូរអាវុធបានចំនួន ៣នាក់ ភេទប្រុស (ខ្មែរ២នាក់ ចិន១នាក់) និងដកហូតបានវត្ថុតាងអាវុធមួយចំនួនបន្ថែមទៀត។ ក្នុងករណីនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន១១នាក់ ភេទប្រុស (ជនជាតិចិន៩នាក់ និងជនជាតិខ្មែរ២នាក់)។
វត្ថុតាងដកហូតបានរួមមាន អាវុធវែង២ដើម ម៉ាក PPSH41 និងម៉ាក កាលីតឌូ “KARATAY” បង់ត្រឡោកចំនួន១, បង់អាវុធវែង AK ចំនួន១, អាវុធខ្លីចំនួន៤ដើម ម៉ាក ZORAKI ចំនួន៣ដើម និងម៉ាក SIG SAURER ១ដើម គ្រាប់កាំភ្លើងសរុបចំនួន២៦៥គ្រាប់, រថយន្តចំនួន៤គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួន, ដោយឡែកជនរងគ្រោះបានសំណូមពរឱ្យជនសង្ស័យសងប្រាក់វិញ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តការស្រាវជ្រាវតាមនីតិវិធីជំនាញ ដើម្បីស្វែងរកបក្សពួកដែលនៅសេសសល់កំពុងរត់គេចខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
-ករណីទី២ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ និង៤០នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន៣នាក់ ជាជនជាតិម៉ាឡេស៊ី ភេទប្រុស នៅក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រង១នាក់ ភេទប្រុស ជនជាតិម៉ាឡេស៊ី យកមកធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការស្រាវជ្រាវសាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឱ្យដឹងថា ករណីនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ ដោយជនរងគ្រោះ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា តែដោយគាត់មិនពេញចិត្តនឹងការងារ និងមិនអាចចេញដើរហើរទៅខាងក្រៅក្រុមហ៊ុនដោយសេរីបាន ទើបពួកគាត់ប្តឹងស្នើសុំឱ្យយកពួកគាត់ចេញពីក្រុមហ៊ុន ដែលពួកគាត់កំពុងធ្វើការ ដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។
-ករណីទី៣ ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានខិតខំព្យាយាមធ្វើការស្រាវជ្រាវ និងទាក់ទងទៅអ្នកដែលបានប្ដឹង ដើម្បីទទួលបានពត៌មានបន្ថែមអំពីទីតាំងរបស់ជនរងគ្រោះ តែមិនមានការឆ្លើយតប (សាម៉ីខ្លួនព្យាយាមមិនសហការជាមួយសមត្ថកិច្ច) កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវ។
-ករណីទី៤ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥ និង១៥នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន៥នាក់ (ស្រី១នាក់) ជាជនជាតិម៉ាឡេស៊ី នៅក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រង១នាក់ ភេទប្រុស ជនជាតិម៉ាឡេស៊ី យកមកធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ សាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រងបានឱ្យដឹងថា ករណីនេះមិនមែនជាករណី បង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ ដោយជនរងគ្រោះបានចូលធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា តែដោយគាត់មិនពេញចិត្តនឹងការងារ និងមិនអាចចេញដើរហើរទៅខាងក្រៅក្រុម ហ៊ុនដោយសេរីបាន ទើបពួកគាត់ប្តឹងស្នើសុំឱ្យយកពួកគាត់ចេញពីក្រុមហ៊ុន ដែលពួកគាត់កំពុងធ្វើការ ដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេក៏បានសំណូមពរចង់ត្រឡប់ទៅប្រទេសកំណើតវិញ។
ចំពោះជនរងគ្រោះ និងជនសង្ស័យពាក់ព័ន្ធនឹងករណីទាំង៤នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានកំពុងបន្តអនុវត្តទៅតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕