ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អញ្ជើញសម្ពោធជាផ្លូវការធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការបើកដំណើរការធនាគារ វីង សាខាក្រុងព្រះសីហនុ ដែលបានជ្រើសរើសយកក្រុងព្រះសីហនុជាទីតាំងថ្មីនៃការពង្រីកសាខាធនាគារ វីង នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវសមស្របតាមបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសេវាហិរញ្ញវត្ថុក្នុងខេត្តព្រះសីហនុ និងបានជំរាបជូនពីកត្តាភូមិសាស្រ្ត និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ នៅក្នុងចក្ខុវិស័យនៃការរៀបចំដែនដីខេត្តឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិមានទំនាក់ទំនងទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ផ្អែកតាមចក្ខុវិស័យនេះ ការអភិវឌ្ឍសេវាហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ គឺជាតម្រូវការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍពាណិជ្ជកម្មនៅលើមូលដ្ឋានជីវភាពរស់នៅឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ បច្ចុប្បន្នផ្នែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបោះទីតាំងក្នុងខេត្តព្រះសីហនុរួមមានសាខាធនាគារ ពាណិជ្ជ មាន ២៦សាខា សាខាធនាគារឯកទេសមាន ០២សាខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ១០គ្រឹះស្ថាន ក្រុមហ៊ុន ភតិសន្យា ០៣ក្រុមហ៊ុន។
ឯកឧត្តម អភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណធនាគារជាតិ នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការឱ្យកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុសំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្ត យើងខ្ញុំជឿជាក់ថា វត្តមានសាខាធនាគារ វីង នៅក្រុងព្រះសីហនុ និងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តព្រះសីហនុ កាន់តែរីកចម្រើនថែមមួយកំរិតទៀត តាមរយៈសេវាកម្មធនាគារ វីង និងជួយសម្រួលដំណើការសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មសាជីវកម្មនានាឱ្យពួកគេអាចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេកាន់តែលឿនប្រកបដោយការជឿជាក់ មានប្រសិទ្ធិភាព និងធានាបានសុវត្ថិភាពខ្ពស់។ សូមជូនពរដល់ដំណើរប្រតិបតិបត្តិការរបស់ធនាគារ វីង សាខាក្រុងព្រះសីហនុ ប្រកបដោយភាពរីកចម្រើនជោគជ័យដ៏ត្រចេះត្រចង់ និងទទួលបានការគាំទ្រពីអតិថិជន និងប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីប្រែក្លាយជាកាលានុវត្តភាពបំរើសេវាហិរញ្ញវត្ថុមួយដ៏សំខាន់ក្នុងការរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ សម្រាប់ទស្សវត្ស៍ថ្មីនេះ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍បើកសម្ពោធធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះសីហនុជាផ្លូវការនាពេលនេះ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដើម្បីបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ដែលជាសក្ខីភាពមួយបង្ហាញពីការជឿជាក់ពីអតិថិជន។ ហើយធនាគារ វីង បានដើរតួនាទីទទួលខុសត្រូវក្នុងការបំរើសេវាហិរញ្ញវត្ថុ។ វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យបង្កើនកាលានុវត្តភាពថ្មីនៃម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ពិសេសរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ប្រកបប្រសិទ្ធិភាពធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញ៕