Home / ព័ត៌មានទូទៅ / លោកស្រី ម៉ម សាមុត និងលោក ឃាង ភារម្យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៤ ក្នុងស្រុកស្ទឹងហាវ

លោកស្រី ម៉ម សាមុត និងលោក ឃាង ភារម្យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៤ ក្នុងស្រុកស្ទឹងហាវ

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកស្រី ម៉ម សាមុត អភិបាលរងស្រុក និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៤ ក្នុងស្រុកស្ទឹងហាវ។  កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖

១.ឃុំកំពេញ គម្រោងសាងសង់ផ្លូវបេតុងប្រវែង២៩០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន៥ បានចូលរូមដេញថ្លៃ
២.ឃុំអូរត្រេះ គម្រោងសាងសង់លូអ៊ុយមានគម្រប ប្រវែង៥៨០ម៉ែត្រ ទទឹង ០,៧ម៉ែត្រ កម្ពស់ ០,៧ម៉ែត្រ (សាច់ក្នុង)
៣.ឃុំកែវផុស គម្រោងសាងសង់ផ្លូវបេតុងប្រវែង៣៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៦ បានចូលរួមដេញថ្លៃ
៤.ឃុំទំនប់រលក គម្រោងសាងសង់ផ្លូវបេតុង ប្រវែង ៣៦៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត។ មានក្រុមហ៊ុនចំនួន ២ បានដាក់សំណើដេញថ្លៃ (មិនគ្រប់កូរ៉ុម)
លោកស្រី ម៉ម សាមុត អភិបាលរងស្រុក និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានលើកឡើងថា ដំណើរការនៃការដេញថ្លៃនៅថ្ងៃនេះមានច្រើនក្រុមហ៊ុន សបញ្ជាក់ឱ្យឃើញថាការដេញថ្លៃដំណើរការល្អរលូន មានតម្លភាពនិងយុត្តិធម៌ក្នុងការប្រកួតប្រជែងតម្លៃ ឃុំខ្លះចុះបាន ៣០ ភាគរយនិងឃុំខ្លះទៀតចុះ ៤០ ភាគរយ ដែលធ្វើឱ្យមានផលចំណេញទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមរយៈសមិទ្ធផលផ្លូវបេតុងដែលបានស្ថាបនាឡើងក្នុងពេលខាងមុខនេះ។
លោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្តក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ត្រូវអនុវត្តគម្រោងអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាពនិងការប្រើប្រាស់បានយូរអង្វែង។
លោកក៏បានបញ្ជាក់បន្ថែមថា សូមឱ្យគណៈកម្មការក៏ដូចជាអាជ្ញាធរក្រុមប្រឹក្សាឃុំត្រូវតាមដានចំពោះក្រុមហ៊ុនត្រូវមានសៀវភៅការដ្ឋានច្បាស់លាស់ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋានការអនុវត្តគម្រោងរហូតដល់ចប់ការអនុវត្តគម្រោង។ចំពោះការអនុវត្តគម្រោងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសគោលការណ៍ណែនាំផ្សេងៗឱ្យទទួលបានគុណភាពធានាបានថាប្រើប្រាស់បានយូរអង្វែង។ ក្នុងនោះលោកនាយកទីចាត់ការក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំបំផុសទៅដល់ប្រជាពលរដ្ឋឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតង នៅក្នុងមូលដ្ឋានភូមិរបស់គាត់ជាពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុងក៏ដូចជាប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះនិងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕