កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ដែលមានលោក ជិន ជំាងហ្គាង (Chen Jianggang)ប្រធានសមាគសភាពាណិជ្ជកម្មកម្ពុជា-ចិន និងជាទីប្រឹក្សាក្រុមហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោក អ៊ូ ស៊ែវហ្វឹង (Wu Xiaofeng) ទីប្រឹក្សា និងជាប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និង លោកស្រី លី ស៊ូស៊ាន (Li Shuxian) អគ្គនាយិកាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អនុប្រធាន សមាជិក សមាជិកានៃ សមាគសភាពាណិជ្ជកម្មកម្ពុជា-ចិនខេត្តព្រះសីហនុ ប្រមាណ ៥០នាក់។
ក្នុងឱកាសនោះផងដែរលោក សុខ ភា បានលើកឡើងថា ចាប់តាំងពីមានចំណងទាក់ទងការទូត អស់រយៈពេលជាងពាក់កណ្ដាល សតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ របស់ប្រទេសកម្ពុជា និងប្រទេសចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។
ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ខេត្តព្រះសីហនុ បានទទួលអ្នកវិនិយោគិនចិន និងភ្ញៀវទេសចរចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ មកវិនិយោគ និងរកស៊ីនៅខេត្តព្រះសីហនុ និងខេត្តព្រះសីហនុបង្កើតសម្ព័ន្ធមេត្រីភាពជាមួយខេត្តក្រុងធំៗនៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន១៩ ខេត្ត-ក្រុង និងបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសជាញឹកញាប់ រួមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងបានអនុវត្តនូវគម្រោងមនុស្សធម៌រួមគ្នាជាច្រើនលើកច្រើនសារ ដើម្បីពង្រឹងទំនាក់ទំនងរបស់ប្រជាជន។
ទន្ទឹមនឹងនេះ លោក បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ លោកប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន ខេត្តព្រះសីហនុ ចំពោះការខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីខេត្តព្រះសីហនុ និងធ្វើការជំរុញ ផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគិនបរទេសមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ។ សម្រាប់កិច្ចសហប្រតិបត្តិការបន្តនេះ រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា លោក ប្រធាននឹងបន្តដឹកនាំ ខិតខំពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនេះ និងអភិវឌ្ឍន៍សមាគម ឱ្យកាន់តែរីកចំរើន និងទទួលបាននូវលទ្ធផលជោគជ័យជាបន្តបន្ទាប់។