នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត និងលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពការលក់ដូរមុខទំនិញ ម្ហូបអាហារ របស់អាជីវករផ្សារលើ និងបងប្អូនអាជីវករនៅតាមបណ្ដោយឆ្នេរសមុទ្រ ដើម្បីពង្រឹងគុណភាព អនាម័យ សុវត្ថិភាពចំណីអាហារ និងតម្លៃកុំឱ្យឡើងថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ សូមកុំឱ្យមានការតម្លើងតម្លៃខ្ពស់ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិដែលមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ។
លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាខេត្តគោលដៅទេសចរណ៍ទាមទារឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការលើកកម្ពស់និងការទាក់ទាញភ្ញៀវទេសចរណ៍ សូមឱ្យបងប្អូនលក់ដូរទាំងអស់នៅតាមទីផ្សារ តាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក៏ដូចជាតាមតំបន់ឆ្នេរនានា ត្រូវបង្កើននៅគុណភាព មានអនាម័យ បរិស្ថាន និងសោភ័ណភាពស្អាត ដែលជាការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរបស់យើង។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ ដោយមានការប្រគុំតន្រ្តីជាច្រើននៅក្នុងខេត្តព្រះសីហនុ និងមានការបាញ់កាំជ្រួចចំនួន៥ ទីតាំង
• ទីតាំងទី១ នៅលើផ្ទៃសមុទ្រ ខាងកើតទីលានតេជោ (ពយតាមូង)
• ទីតាំងទី២ នៅលើផ្ទៃសមុទ្រ ទល់មុខកាស៊ីណូ ហូលីដេ ផាលេស (ឆ្នេរឯករាជ្យ)
• ទីតាំងទី៣ នៅមុខសណ្ឋាគារស៊ីហ៊ូ រីហ្សត
• ទីតាំងទី៤ នៅឆ្នេរអូរត្រេះ
• ទីតាំងទី៥ នៅរមណីយដ្ឋាន Bay of Lights (ឆ្នេររាម)។