ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត្ត លោក លោកស្រី អភិ បាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាសង្កាត់ នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ មានសំណួរផ្ទាល់មាត់ ចំនួន១៤នាក់ មានដូចជា (ទឹក ភ្លើង ផ្លូវ និងសំរាម) និងទទួលបានសំបុត្រចំនួន២៣ សរុបទាំងអស់៣៧ ដែលបានយកមកដោះស្រាយ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកតម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង និងស្រុកក្នុងខេត្តនៃឆ្នាំនីមួយៗដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាសំណើ សំណួរ ឬសំណូមពរ សម្រាប់ធ្វើការដោះស្រាយក្នុងវេទិកានេះ ដើម្បីបង្កើននូវវប្បធម៌ក្នុងការពិភាក្សាគ្នារវាងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងដៃគូរអភិវឌ្ឍនានាសម្រាប់លើកកម្ពស់ខ្សែគណនេយ្យភាព តម្លាភាព និងសមធម៌ ប្រកបដោយអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីធានាថា៖ ១.រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប
២.គ្រប់អ្នកពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនេះក្រុមប្រឹក្សាខេត្ត អាចបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ រៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗតាមរយៈ -ការផ្តល់ព័ត៌មានចែកជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។ -ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ។ -ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សា លើរបាយការណ៍របស់ក្រុមប្រឹក្សា -ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺពិតជាមានសារៈសំខាន់បំផុតដែលអាចលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ឱ្យកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកានាពេលនេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបានធ្វើការណែនាំដល់អណាព្យាបាលសិស្ស ដែលប្រឡងជាប់ថ្នាក់ទី១២ ឬធ្លាក់ និងអ្នកដែលចង់រៀនបច្ចេកទេស សូមត្រូវស្វែងរកជំនាញបច្ចេកទេសណាមួយដែលខ្លួនស្រឡាញ់ ដើម្បីទាញយកឱកាសការងារ ព្រោះការមានជំនាញបច្ចេកទេសក្នុងខ្លួនយើងអាចរកលុយបាន និងងាយស្រួលរកការងារធ្វើបានថែមទៀតផង ព្រោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជំរុញបណ្តុះបណ្តាលខាងបច្ចេកទេស និងបច្ចេកវិទ្យា ព្រោះយើងកំពុងត្រូវការអ្នកដែលមានជំនាញបច្ចេកទេសចូលបំរើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះរដ្ឋបាលខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់អំពីអនាម័យ បរិស្ថានដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា ដើម្បីឱ្យក្រុង ខេត្តព្រះសីហនុ របស់យើងជាខេត្តទេសចរណ៍មានភាពបៃតង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា បញ្ហាគ្រឿងញៀន និងក្មេងទំនឿង ក៏ជារឿងចាំបាច់សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលក្រុង ស្រុក និងខេត្ត យើងត្រូវស្រាវ ជ្រាវស្វែងរកមេក្លោង ដើម្បីឱ្យភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សូមកងកម្លាំងត្រូវអនុវត្តបង្ក្រាបបញ្ហាគ្រឿងញៀន និងក្មេងទំនើងដូចភ្លៀងរលឹម ព្រមទាំងបានធ្វើការណែនាំឱ្យមន្ត្រីជំនាញចុះទៅពិនិត្យដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដល់មូលដ្ឋានដែលប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤៕