រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធជាសមាជិកគណៈកម្មការ។
ជាកិច្ចចាប់ផ្តើម ប្រធានអង្គប្រជុំ បានលើកឡើងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថាចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ គឺមានសូចនាករចំនួនបី ដែលបានដាក់ចេញឱ្យឃុំ សង្កាត់ ធ្វើការប្រឡងប្រណាំងមានដូចខាងក្រោម៖
ទី១-ការបង្ហោះអំពីសកម្មភាពនានារបស់រដ្ឋបាលឃុំ សង្កាត់ អំពីការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍនានាក្នុងមូលដ្ឋាន នៅលើបណ្តាញសង្គមហ្វេសបុក របស់មេឃុំចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់
ទី២-ប្រសិទ្ធភាព នៃការរៀបចំផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់
ទី៣-ការរៀបចំផែនការសកម្មភាព និងថវិកា និងការអនុវត្តថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់។
បន្ទាប់ពីស្តាប់របាយការណ៍ អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុរួចមក អង្គប្រជុំក៏បានពិភាក្សា ពិគ្រោះយោបល់ និងដោះស្រាយនូវបញ្ហាប្រឈមដែលបានកើតឡើងកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ នៃការអនុវត្តការងារបន្តទទួលបានលទ្ធផលល្អប្រសើរ។