ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកងកម្លាំង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌប្រពៃណីខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយ នាយរង និងពលអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងបានថ្លែងអំណរគុណដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនមិនក្លាយនឿយហត់ ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីសុខសន្តិភាព ស្ថេរភាពសង្គមនៅទូទាំងប្រទេស។ ពិសេសសន្តិសុខ សុវត្ថិភាពសាធារណសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិន ដោយផ្អែកលើកត្តាសុខសន្តិភាព ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ពិសេសការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តដែលមានចក្ខុវិស័យ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដូច្នេះយើងត្រូវរៀបចំខេត្តរបស់យើងមានសន្តិសុខ សុវត្ថិភាពល្អ ដែលជាបញ្ហាសំខាន់មួយមិនអាចខ្វះបាន ទន្ទឹមទទួលបានសន្តិសុខ សុវត្ថិភាពសាធារណល្អ គឺគ្រប់កងកម្លាំងទាំងអស់បន្តកិច្ចសហការគ្នាដោយបានល្អ មានដូចជា កម្លាំងស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នគរបានព្រំដែនទឹក នគរបាលប្រឆាំងបទល្មើសលើផ្ទៃសមុទ្រ កងកម្លាំងសន្តិសុខលម្ហសមុទ្រ និងកងទ័ពជើងទឹក ដូច្នេះយើងត្រូវចូលរួមសហការគ្នាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបង្ការទប់ស្កាត់នូវរាល់បទល្មើសនានាដូចជាគ្រឿងញៀន និងក្មេងទំនើងជាដើម។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងត្រៀមមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ក្នុងនោះយើងក៏ត្រូវចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទដែលចូលរួមកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅទូទាំងខេត្តព្រះសីហនុឱ្យទទួលបាននូវសន្តិសុខល្អនៅតាមទីវត្តអារាមនានាក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១០លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការ៕