ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពីនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដើម្បីរៀបចំសូចនាករនៃការប្រឡងប្រណាំងការផ្តល់សេវាល្អ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការប្រឡងប្រណាំងសេវាល្អលើវិស័យអប់រំនៅខេត្តព្រះសីហនុ ខេត្តមានវិទ្យាល័យចំនួន១២ និងមត្តេយ្យសិក្សាចំនួន៣ ដោយការប្រឡងប្រណាំងសេវាសាធារណល្អ ក្នុងវិស័យអប់រំ ទើបមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានជ្រើសរើសវិទ្យាល័យចំនួន៨ និងមត្តេយ្យសិក្សាចំនួន៣ ធ្វើការចូលរួមប្រឡងប្រណាំងសេវាសាធារណល្អរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤ ក្នុងនោះក្រុងព្រះសីហនុ ជ្រើសរើសយកសាលាមត្តេយ្យសិក្សាក្រុង១ និងវិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងនោះសាលាមត្តេយ្យក្រុង មានចំនួន ១៣ថ្នាក់ សិក្សាចែកជាពីវេណ ពេលព្រឹកមាន ៧ថ្នាក់ និងពេលល្ងាច ៦ថ្នាក់ និងមានលោកគ្រូ អ្នកគ្រូ រដ្ឋចំនួន ១២នាក់ គ្រូជំនួយ ៥នាក់ សិស្សសរុបចំនួន ៧២៦នាក់ វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ មានគ្រូសរុបចំនួន ៨៤នាក់ ស្រី ២២នាក់ សិស្សសរុបចំនួន ១ ០៥០នាក់ ស្រី ៥៤០នាក់ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានគ្រូសរុបចំនួន ៩៦នាក់ ស្រី ៤២នាក់ សិស្សសរុបចំនួន ២ ១៣៧នាក់ ស្រី ១ ០៨៨នាក់។
ក្នុងឱកាសចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាទាំងបីខាងលើ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីធ្វើការប្រឡងប្រណាំងសេវាសាធារណល្អក្នុងវិស័យអប់រំនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុត្រូវរៀបចំពីដើមទី ដើម្បីធានាថា ក្នុងការអនុវត្តសេវាសាធារណៈល្អ ឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក ស្តីពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ នៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងការងារបំរើសេវាសាធារណៈល្អ យើងត្រូវកែលម្អការបំរើសេវាសាធារណកាន់តែប្រសើរបន្ថែមទៀត ដោយផ្អែកលើការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់យើង ក្នុងការបំរើសេវាសាធារណៈល្អ ដោយសារឆ្នាំកន្លងមក អង្គភាពរបស់យើងមិនបានទទួលចំណាត់ល្អ ដោយសារយើងមានការបោះឆ្នោតជាបន្តបន្ទាប់ ធ្វើឱ្យការប្រឡងប្រណាំងសេវាសាធារណមិនបានផុលផុស ក៏ប៉ុន្តែយើងរីករាយនឹងទទួលដោយសារបេក្ខភាព ដែលបានចូលរួមចលនាប្រឡងប្រណាំងរបស់យើងចេះឈឺចាប់ ដើម្បីកែលម្អសេវាកាន់តែល្អ។ ដោយឡែកការបំរើសេវាសាធារណល្អ សម្រាប់វិស័យអប់រំ ក្នុងនោះសម្រាប់វិទ្យាល័យមាន សូចនាករគោល ៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង ៨៣៥ពិន្ទុ និងសម្រាប់មត្តេយ្យសិក្សក្នុងនោះមានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិត១២៣ ស្មើនឹង ៦១៥ពិន្ទុ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យើងត្រូវអនុវត្តបំពេញនូវគ្រប់សូចនាកររបស់ក្រសួងអប់រំ ឱ្យបានព្រមៗគ្នាទាំងសកម្មភាពនៅទីវាល នៅក្នុងសាលារៀន ដោយរៀបចំកែលម្អសោភ័ណភាពបរិស្ថាន អនាម័យជាដើមនៅក្នុងទីធ្លាសាលារៀន សាកសម្យជាថ្នាលបណ្តុះនូវចំណេះដឹង ចំណេះធ្វើសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ ហើយការប្រឡងប្រណាំងបំរើសេវាសាធារណល្អនេះ ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ ហើយអង្គភាពទទួលសេវាប្រឡងប្រណាំងត្រូវសិក្សាស្វែងយល់ រួមគ្នាធ្វើសកម្មភាពព្រមគ្នា យើងត្រូវយល់ដឹងទាំងអស់គ្នាក្នុងការបំពេញនូវសូចនាករវាយពីក្រសួងអប់រំ ក្នុងការពិនត្យតាមដានវាយតម្លៃ ការដាក់ពិន្ទុសម្រាប់មុខមាត់របស់ខេត្ត ហើយសកម្មភាពសំខាន់ក្នុងការបំរើសេវាសាធារណល្អ គឺជាកិត្តិយសក្នុងការពង្រីកសកម្មភាពនេះទៅដល់សាលារៀនគោលដៅផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទន្ទឹមនោះនៅតាមសាលានីមួយៗយើងក៏ត្រូវរៀបចំប្លង់គោលស្របតាមស្តង់ដាគរុកោសល្យ នៃការប្រឡងប្រណាំងបំរើសេវាសាធារណគំរូ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ មានដូចជាកន្លែងផ្ញើឡាន ម៉ូតូ សួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡាជាដើម ទទួលសេវាប្រកបដោយគុណភាព និងសោភ័ណភាព។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ នៅតាមសាលាទាំង៣ ក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល៕