Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ ដែលដឹកនាំដោយ លោក​ស្រី​ Tan Xiuhong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុងប៉ីហាយ និងជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ីហាយ នៅតំបន់ស្វយ័តជនជាតិក្វាងស៊ី​ សាធារណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូ សេដ្ឋកិច្ច​និងពាណិជ្ជកម្មប៉ីហាយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាព សេដ្ឋកិច្ច និងជាពិសេសសក្តានុពលវិនិយោគរបស់ខេត្ត។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។ ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងបានរំលឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ «វិធានការជាកញ្ចប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ»។ កាន់តែពិសេសជាងនេះទៅទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ “កម្មវិធីពិសេសសម្រាប់ជំរុញ
ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញអំពីការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុងព្រះសីហនុ បើធៀបនឹងរយៈពេល១០ឬ២០ឆ្នាំមុន។
លោក​ស្រី​ Tan Xiuhong បានរំលឹកអំពីស្ថានភាពនៃទីក្រុងកំពង់ផែប៉ីហាយ ដែលមានគំរូអភិវឌ្ឍសេដ្ឋកិច្ចស្រដៀងគ្នានឹងខេត្តព្រះសីហនុ ហើយសព្វថ្ងៃទីក្រុងប៉ីហាយ កំពុងទទួលបានផលយ៉ាងច្រើនពីការអភិវឌ្ឍនេះ។ បច្ចុប្បន្ន ទីក្រុងប៉ីហាយ មានទេសចរប្រមាណ៥១លាននាក់​ ដូច្នេះលោកស្រីមានបំណងបង្កើនកិច្ចសហការនៅក្នុងវិស័យទេសចរណ៍។​ ក្នុងនោះផងដែរ គណៈប្រតិភូខាងលើមានបំណង៖
-រៀបចំវេទិកាដោះដូរពាណិជ្ជកម្ម ទំនិញគ្រប់មុខនៅអាស៊ី
-ពង្រីកទីផ្សារអន្តរជាតិ តាមរយៈការបង្កើតវេទិកាខាងលើ
-ការបង្កើនការនាំចូលវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច ទៅបម្រើក្នុងខ្សែសង្វាក់ផលិតកម្ម និងផលិតផលសម្រេចទៅចិន ដោយសហការជាមួយតំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ នៅក្នុងខេត្ត។
ជាកិច្ចបញ្ចប់ លោកស្រីបានបង្ហើបពីបំណងក្នុងការអញ្ជើញថ្នាក់ដឹកនាំខេត្តទៅធ្វើទស្សនៈកិច្ចនៅទីក្រុងប៉ីហាយ ដើម្បីពង្រឹងចំណងមិត្តភាព និងសិក្សាពីកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុង។