Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា

រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា របស់មន្ត្រីចំនួន ១២នាក់ ស្រី ០៤នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ និងមានសេចក្តីរំភើបដែលកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលរបស់យើងបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អ ហើយលទ្ធផលរបស់មន្ត្រីយើងបានទទួលការបណ្តុះបណ្តាលនូវជំនាញផ្នែករដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ៩ខែកន្លងមក ព្រោះការដឹកនាំទាមទារឱ្យមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយមន្ត្រីរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់បានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ ហើយការរៀនធ្វើមន្ត្រីអត់មានសាលាទេ គឺយើងធ្វើបន្តគ្នាតាមបទពិសោធន៍។ ហើយកិច្ចការរបស់យើងត្រូវអនុវត្តស្របទៅនឹងការវិវឌ្ឍថ្មី នៃសង្គមជាតិ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល យើងកែប្រែការធ្វើការងារតាមទំលាប់ មកធ្វើការងារតាមច្បាប់វិញ។ សម្រាប់កិច្ចការរដ្ឋបាល គឺជាការប្រមូលផ្តុំតាមទំលាប់ ព្រោះរាជរដ្ឋាភិបាលមានប្រព័ន្ធការងារមួយមានស្តង់ដារ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះយើងមានប្រព័ន្ធការងារ ទី១.ការប្រឡងចូលជាមន្ត្រី ទី២.ការបណ្តុះបណ្តាលមន្ត្រី និងការលើកទឹកចិត្ត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា យើងកំពុងគិតគូរពីការដំឡើងថ្នាក់ស្របទៅនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមន្ត្រីក្រុង ស្រុក មន្ទីរមួយចំនួនដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី និងសូមកោតសរសើរមន្ត្រីរបស់យើងដែលបានលះបង់ពេលវេលាដើម្បីចូលរួមការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ម្យ៉ាងទៀតបើតាមលទ្ធផលយើងទាំងអស់គ្នាទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះបានល្អគ្រប់គ្នា។ សង្ឃឹមថា អង្គភាពដែល មានមន្ត្រីរបស់យើងបានធ្វើការបណ្តុះបណ្តាលនាពេលនេះបានរួមចំណែកលើកកម្ពស់ការងារទាំងបរិមាណ និងគុណភាព ធ្វើឱ្យខេត្តរបស់យើងមានធនធានមនុស្សថ្មីបន្ថែមទៀត ស្នើសុំអស់លោក លោកស្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលត្រូវយកចំណេះវិជ្ជាជំនាញ ដើម្បីបំរើអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលល្អជាងមុនជាឱកាសសម្រាប់អង្គភាព និងស្ថាប័ន សុំឱ្យអ្នកដែលបានសិក្សាសូមក្តាប់ឱកាសការងារឱ្យបានត្រូវតាំងទស្សនចាត់ចែងដោះស្រាយការងារឱ្យបានសមស្រប និងដាក់ចេញនូវយុទ្ធសាសន៍យុទ្ធវិធីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាឡានុវត្តភាព ដោយសហការបំរើការងារឱ្យចេញជាលទ្ធផលវិជ្ជមាន។
ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលទាំង ១២នាក់ ដែលបានបញ្ចប់ការសិក្សា ត្រូវធ្វើជាគំរូល្អសម្រាប់មន្ត្រីរបស់យើងនៅតាមមន្ទីរ អង្គភាព និងសុំឱ្យពិនិត្យមើលការលើកទឹកចិត្ត ការដំឡើងកាំប្រាក់ ទាក់ទងទៅនឹងតួនាទីត្រូវមានការលើកទឹកចិត្តផងដែរ ដើម្បីបង្កើនធនធានមនុស្សបានកាន់តែច្រើន ទន្ទឹមនោះត្រូវធ្វើតាមច្បាប់ កុំធ្វើតាមទំលាប់ដូចមុន។
លោក វណ្ណៈ សោភានុត បានរាយការណ៍ពីកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាព បានបញ្ចប់ការសិក្សាទទួលជោគជ័យទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សារយៈពេល៩ខែ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានចំនួនសរុប ១២នាក់ ស្រី ០៤នាក់ ក្នុងនោះ វគ្គវិក្រឹតការមន្រ្តីមធ្យម មានចំនួន ៩នាក់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល មានចំនួន ២នាក់ និងវគ្គវិក្រឹតការមន្រ្តីក្រមការ ចំនួន១នាក់។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្តម្ភជូនសិក្ខាកាមបញ្ចប់ការសិក្សាសាលាភូមិន្ទរដ្ឋបាលចំនួន ១២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀល៕