ព្រឹកថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា «ការបង្កើនការយល់ដឹងស្តីពីការបំពុលប្លាស្ទិក និងអត្ថប្រយោជន៍នៃការកែច្នៃឡើងវិញនៃប្លាស្ទិកទៅកាន់គ្រូ និងសិស្សានុសិស្សកម្រិតវិទ្យាល័យ» នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៃក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលក្រុង មន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរដ.ន.ស.ស.ខេត្ត លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប ៨៥នាក់។
សិក្ខាសាលានេះ បានរៀបចំឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមអតីតនិស្សិតគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍(Yseali alumni) ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោកអភិបាលរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមអតីតនិស្សិតគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ និងម្ចាស់ជំនួយនានា ដែលបានសហការជ្រើសរើសខេត្តព្រះសីហនុជាទីតាំងរៀបចំសិក្ខាសាលា និងធ្វើទស្សនកិច្ចសិក្សា ក្នុងគោលបំណង បង្កើនការយល់ដឹងស្តីពីការបំពុលដោយប្លាស្ទិក និងអត្ថប្រយោជន៍នៃការកែច្នៃឡើងវិញនៃប្លាស្ទិក ទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
លោកអភិបាលរង បានគូសបញ្ជាក់ថា ដោយមើលឃើញ ពីផលប៉ះពាល់ នៃសំណល់ប្លាស្ទិក គ្រឹះស្ថានអប់រំមួយចំនួននៅក្នុងខេត្តព្រះសីហនុមានដូចជា៖ វិទ្យាល័យហ៊ុនសែនមិត្តភាព វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសនៃក្រុងព្រះសីហនុ និងគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនមួយចំនួនទៀត បាននឹងកំពុងព្យាយាមបញ្ឈប់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន ដោយមានការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងបរិស្ថាន, រដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរបរិស្ថាន, និងមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ នេះជាការអនុវត្តដ៏ល្អមួយក្នុងការរួមចំណែកចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុដោយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ ដែលមានទិសដៅស្របគ្នាទៅនឹងផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់ប៉ូលអភិវឌ្ឍមួយដ៏សំខាន់ ដែលមានទាំងសោភ័ណភាព ទាំងបរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។