នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការចូលចតជាលើកទី២របស់ នាវាទេសចរណ៍ MS Westerdam នៅទីក្រុងទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា នាឱកាសដ៏វិសេសវិសាលនេះ។ ក្នុងថ្ងៃដ៏នក្ខត្តប្ញក្សសប្បាយរីករាយនេះ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមសម្តែងនូវការអបអរសាទរ ក្នុងថ្ងៃគម្រប់ខួប ១៥០ឆ្នាំ នៃដំណើរការរបស់វានាទេសចរណ៍ MS Westerdam និងសូមជូនពរដល់លោកប្រធានក្រុមនាវា (Captain) ថ្នាក់ដឹកនាំគ្រប់កម្រិត ដៃគូអាជីវកម្ម នាវិក និងសហការីទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ សុភមង្គល រីកចំរើនរុងរឿងទាំងអាជីវកម្ម និងក្រុមគ្រួសារ។ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ និងវិសេសវិសាលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំពិធីស្វាគមន៍ និងអបអរសាទរការវិលត្រលប់ជាថ្មីម្ដងទៀត របស់នាវាទេសចរណ៍ MS Westerdam ព្រមជាមួយការដាក់តាំងពិព័រណ៌រូបភាព និងទិដ្ឋភាពទាំងមូល នៃសកម្មភាពមនុស្សធម៌ទទួលស្វាគមន៍ នាវាទេសចរណ៍ MS Westerdam កាលពីឆ្នាំ២០២០។ ប្រជាជនខេត្តព្រះសីហនុ មានសេចក្តីសប្បាយរីករាយ និងរងចាំការវិលត្រលប់របស់ នាវាទេសចរណ៍ Westerdam។ លើសពីនេះទៀត ប្រជាជនខេត្តព្រះសីហនុ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល បានចងចាំមិនភ្លេចនូវទិដ្ឋភាព ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ចំពោះស្មារតីមនុស្សធម៌ នៃការជួយសង្គ្រោះមនុស្សលើនាវាចំនួន ២.២៤៧នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១.៤៥៥នាក់ និងក្រុមការងារនាវិក ៨០២នាក់ មាន ៤១សញ្ជាតិ ដែលប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យចូលចតក្នុងអំឡុងនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ ប្រទេសកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ បានស្ម័គ្រចិត្តធ្វើជាអ្នកសង្គ្រោះនិងអនុញ្ញាតឱ្យនាវាចូលចតក្រោមការយកចិត្តទុកដាក់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីអនុស្សាវរីយ៍ និងអត្ថន័យនៃការចូលចតរបស់នាវា MS Westerdam ដូចតទៅ៖
១. វត្តមានរបស់ MS Westerdam បានចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ បានបញ្ជាក់ច្បាស់បែបណា អំពីមនុស្សធម៌ គុណធម៌ និងការគោរពសិទ្ធិមនុស្សរបស់មេដឹកនាំនៃកម្ពុជារបស់យើងខ្ញុំ
២. សូមអ្នកទេសចរ និងបុគ្គលិកទាំងអស់ ដែលបានជាប់គាំង នៅលើនាវា Westerdam នៅពេលនោះ សូមបញ្ជាក់ឱ្យបានច្បាស់ថា តើបេះដូងពិតរបស់កម្ពុជា ដែលបានឆ្លើយតបទៅលោកអ្នកនាពេលនោះ មានអត្ថន័យនិងខ្លឹមសារបែបណា
៣. ខ្លួនខ្ញុំផ្ទាល់ជាមន្ត្រីម្នាក់ ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាស្ថិតក្នុងស្ថានភាពភ័យផង ខ្លាចផង តែខ្ញុំពិតជាមានមោទនភាពដែលមេដឹកនាំរបស់យើងខ្ញុំ បានធ្វើការសម្រេចចិត្តដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលបានជាប់គាំងនៅលើនាវាទេសចរណ៍ Westerdam នាពេលនោះ ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ គួរឱ្យគោរពយ៉ាងពន់ពេកក្រៃលែង
៤. អាក្រក់ ឬល្អមិនមែនស្ថិតនៅលើបបូរមាត់របស់អ្នកនិយាយនោះទេ គឺស្ថិតនៅលើសកម្មភាព និងការសម្រេចចិត្តប្រកបទៅដោយសីលធម៌ គុណធម៌ និងការសន្ដោសមេត្តា
៥. មនុស្សលោកយើង តើមានអ្វីទៅដែលមានតម្លៃថ្លៃជាងជីវិតរបស់យើង
៦. អ្នកដែលបានជួយយើងក្នុងគ្រាដែលលំបាកបំផុត គឺជាមិត្តភក្តិដ៏ស្មោះសរបស់យើង
៧. កម្ពុជា ធ្លាប់ឆ្លងកាត់ការលំបាក ការឈឺចាប់ និងវេទនា ច្រើនរាប់មិនអស់រួចមកហើយ។ នៅពេលដែលបានឃើញ Westerdam ជួបការលំបាកបែបនេះ ពិតជាមិនអាចមើលរំលងបានឡើយ។ តែការជួយ Westerdam មានអ្វីខ្លះកើតឡើងសម្រាប់កម្ពុជាខ្លួនឯង? តែកម្ពុជានៅតែសម្រេចចិត្តជួយ Westerdam ដែលមានជីវិតមនុស្សរាប់ពាន់នាក់ ឱ្យរួចចាកផុតពីក្តីទុក្ខសោក
៨. វត្តមានWesterdam ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០បានឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលមានបេះដូងមនុស្សធម៌ពិតប្រាកដ
៩. Westerdam កាលពី៣ឆ្នាំ ១០ខែ ១៤ថ្ងៃមុន បានរងទុក្ខ ភ័យខ្លាច ពិតជាអភ័ព្វ និងកំសត់ តែត្រូវបានកម្ពុជា ជួយសង្គ្រោះ និងផ្តល់ឱកាសឱ្យបានរស់រានប្រកបដោយស្មារតីមនុស្សធម៌
១០. ទឹកចិត្ត គុណធម៌ មនុស្សធម៌ និងការគោរពសិទ្ធិមនុស្សនេះ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។