ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំា២០២៣ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» នៅលើទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថា ជា «មាសបៃតង» ជាផ្នែកមួយ នៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច និងការចូលរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដើម្បីបង្កើតកាលានុវត្តភាពការងារ និងកាត់បន្ថយភាពក្រីក្រ។ វិស័យទេសចរណ៍ ក៏បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធនធានមនុស្ស និងជាការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងការពង្រីកកិច្ចសហប្រតិបត្តការ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងសាកលលោកនាពេលបច្ចុប្បន្ន។
លោកអភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំគាំទ្រជំរុញកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ ដោយប្រកាន់នូវគោលជំហរលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយផ្នែក ឯកជន ដៃគូអភិវឌ្ឍនានា និងការបង្កើតបរិយាកាសបើកទូលាយឱ្យមានធុរ កិច្ចទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង រក្សាខ្ជាប់នូវគោលការសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន។
ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងវិនិយោគ ស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា ទន្ទឹមនោះវិស័យទេសចរណ៍បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់អំពីវិស័យទេសចរណ៍ ដោយមានការចូលរួមជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍ដំណើរការងើបឡើងវិញនៅកម្ពុជា ទោះបីវិស័យទេសចរណ៍មានបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំផែនការគ្រប់គ្រង និងដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹមនេះបញ្ហាស្ថានភាពនយោបាយ សេដ្ឋកិច្ចសកលរបស់ពិភពលោករួមទាំងជំងឺកូវីដ-១៩ បន្តជះឥទ្ធិពលដល់ដល់ទេសចរណ៍ហើយតម្រូវការទីផ្សារទេសចរណ៍នៅលើពិភពលោក ក៏ដូចជាតំបន់មានការប្រែប្រួលជាប្រចាំដែលប្រទេសនីមួយៗ ចាំបាច់ត្រូវរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តទេសចរណ៍ ក៏ដូចជាច្បាប់លិខិតបទដ្ឋានគតិយុត្តឱ្យបានសមស្រប ជាពិសេសការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ ព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីជម្រុញការអភិវឌ្ឍវិស័យទេស ចរណ៍នៅកម្ពុជាឱ្យទទួលបានលទ្ធផលល្អប្រសើរ ក៏ដូចជាឆ្លើយតបទៅ នឹងតម្រូវការទីផ្សាទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានពិតប្រាកដ ព្រមទាំងការចូលរួម ថែរក្សាការពារធនធានធម្មជាតិ និងវប្បធម៌ឱ្យបានគង់វង្ស។
ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ផែនការជំរុញការ វិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំនប់ឆ្នេរ” នាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ និងវិស័យឯកជនរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព ប្រសិទ្ធិផលប្រកបដោយគុណភាព គុណផល និងមានភាពរីកចម្រើន។ ដែលជាការឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នេះមានលក្ខណៈសមស្របយកទៅអនុវត្តបន្តឱ្យទទួលបានលទ្ធផលល្អប្រសើរ ក៏ដូចជាសម្រេចបាននូវផែនការ សកម្មភាពអភិវឌ្ឍវិស័យទេសចរណ៍មួយប្រកបដោយគុណភាព និរន្តភាព និងឧត្ដមភាពក្នុងការចូលរួមប្រកួតប្រជែងពិតប្រាកដ។