ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ស្តីពី ការពង្រីកការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជននិងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះបានរៀបចំក្នុងគោលបំណង ផ្សព្វផ្សាយពីការប្រើប្រាស់កម្មវិធី (APP)សម្រាប់អាជ្ញាធរក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន និង ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងការងារប្រមូលសេវាសម្រាមហើយទូទាត់ ដើម្បីធ្វើឱ្យការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការរៀបចំសេវាសម្អាត ប្រមូលដឹកជញ្ជូន និងការទុកដាក់ សំរាមសំណល់រឹងមានលក្ខណៈកាន់តែល្អប្រសើរ។
ចាប់ពីឆ្នាំ២០២០មក បរិមាណសំរាមមានការកើនឡើងបន្តិចម្តង ដែលឆ្នាំ២០២៣ នេះ បរិមាណសំរាមដែលប្រមូលបានពីក្រុងព្រះសីហនុ មានចន្លោះពី ៣០០តោន/ថ្ងៃ ទៅ៥០០តោន/ថ្ងៃ។
សំរាមដែលប្រមូលបានខាងលើ ត្រូវបានដឹកជញ្ជូនទៅទីលានទុកដាក់សំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមលក្ខណៈបច្ចេកទេស បទដ្ឋានអនាម័យ ដែលទីលានចាក់សំរាមខាងលើនេះ មានទីតាំងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចម្ងាយប្រមាណ ៣៣គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ និងមានសមត្ថភាពគ្រប់គ្រងសំណល់រឹងទំហំ ១៧ហិកតា ដំណាក់កាល ៥ឆ្នាំដំបូង ក្នុងផ្ទៃដីសរុប ៥០ហិកតា។