Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ ផាលេស

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ ផាលេស

ព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ ផាលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ តំណាងអគ្គនាយកក្រុមហ៊ុន អេចភី ថៅអឺរ (HP TOWERS) មានប្រសាសន៍លើកឡើងថា មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) បានចាប់ផ្តើមសាងសង់គម្រោងថ្មីរបស់ខ្លួន ក្នុងគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុ គួបផ្សំនឹងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ បានជម្រុញការរីកដុះដាលនៃការអភិវឌ្ឍជាបន្តបន្ទាប់នៅខេត្តព្រះសីហនុយើងផងដែរ ហើយទំហំដីសាងសង់នៅទីនេះជារបស់ឪពុករបស់គាត់ និងជាក្តីសម័យរបស់ខ្ញុំ គឺបង្កើតរីហ្សត មជ្ឈមណ្ឌលពហុពាណិជ្ជកម្មតាមស្តង់ដារ ប្រៀបធៀបឱ្យដូចនឹងប្រទេសឥណ្ឌូនេស៊ី ទន្ទឹមនោះក៏សុំថ្លែងអំណរគុណលោកជំទាវ ហ៊ុន ម៉ាណា ថ្នាក់ដឹកនាំខេត្ត ភ្ញៀវកិត្តិយសដែលបានចូលរួមនាពេលនេះ។ គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម និងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗក៏ដូចជាការរស់នៅ ទាំងនេះ គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចូលរួមចំណែកជួយលើកកម្ពស់វិស័យទេសចរណ៍ បដិសណ្ឋាកិច្ច និងវិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលីដេ ផាលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) នៅលើទឹកដី នៃខេត្តព្រះសីហនុនាពេលនេះ និងសូមជូនពរឱ្យដំណើរការសាងសង់របស់ក្រុមហ៊ុនទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកាន់តែច្រើន។ ការបើកការដ្ឋានសាងសង់ក្នុងថ្ងៃនេះ គឺជាសក្ខីភាពដែលបង្ហាញ ឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះនឹងផ្តល់ការងារជាច្រើនជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសក្តានុពលដ៏លេចធ្លោរបស់ខេត្តព្រះសីហនុ ជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិ យោគជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៣ទីតាំងកំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ខេត្តព្រះសីហនុ សង្ឃឹមថា នឹងទទួលបានអ្នកវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជកម្មកាន់តែច្រើននៅខេត្តព្រះសីហនុ ដើម្បីចូលរួមលើកកម្ពស់សោភណភាពទីក្រុងរបស់យើង។
ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្អែកលើសក្តានុពលឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងមានវិស័យសំណង់ជាច្រើនបានកំពុងរីកដុះដាលនៅក្នុងខេត្តព្រះសីហនុ ទោះបីមានសំណង់មួយចំនួននៅជាប់គាំង ដោយសារវិបត្តិកូវីដ-១៩ មកដល់បច្ចុប្បន្នក៏ដោយ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគបន្តគម្រោងសាងសង់ ធ្វើឱ្យសំណង់មួយចំនួនបានចាប់ផ្តើមជាបណ្តើរៗ ហើយថ្ងៃនេះយើងបានបើកការដ្ឋានសាងសង់គម្រោង ថ្មីមួយនេះ បានគូសបញ្ជាក់ និងការចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរក្រុមហ៊ុនបានសម្រេចចិត្តសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះឡើងរយៈពេល ២ឆ្នាំ គាំទ្រផ្នែកទេសចរណ៍ បដិសណ្ឋាកិច្ច និងវិនិយោគនៅខេត្តព្រះសីហនុ ហើយចាត់ទុកជាផលិតផលថ្មីមួយទៀតនៅខេត្តព្រះសីហនុ សូមជូនពរក្រុមហ៊ុនទទួលបានជោគជ័យផ្លែផ្កានាពេលខាងមុខ រួមចំណែកលើកកម្ពស់សោភណភាពខេត្តព្រះសីហនុ សង្ឃឹមថា គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្មនេះ រួមចំណែកការអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើនសោភណភាពទីក្រុងរបស់យើង ព្រមទាំងបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្របសម្រួលគម្រោងសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម អេចភី ឱ្យទទួលបានជោគជ័យតាមផែនការ៕