នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង នឹងឈានចូលមកដល់នាពេលខាងមុខ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមស្វាគមន៍គណៈប្រតិភូខេត្តបាក់លីវ ព្រមទាំងបានជំរាបជូនពីសក្តានុពលរបស់ខេត្ត មាន៥ ក្រុង ស្រុក ២៩ឃុំ សង្កាត់ ស្មើ ១១១ភូមិ ខេត្តមានកោះ៣១ ថ្មប៉ប្រះទឹក៥ និងថ្មដុះ១ មានឆ្នេរ ១៧៥គីឡូម៉ែត្រ សម្បុរធនធានធម្មជាតិ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ ដែលជាសក្តានុពលដ៏សម្បុរបែបក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែ។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជាតារារះ នាទិសនារតី។ ខេត្តព្រះសីហនុ ជាច្រកចេញចូលយ៉ាងសំខាន់មានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានទម្លាក់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ និងរូបសំណាកជាច្រើននៅខេត្តព្រះសីហនុ។
លោក អភិបាលរងខេត្ត បានជំរាបជូនពីសក្តានុពលផ្លូវទឹក ខេត្តមានកំពង់ផែ៣ ក្នុងនោះ កំពង់ផែ កែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា ៣ដំណាក់កាល ស្របតាមចក្ខុវិស័យ២០២៩ កំពង់ផែនឹងមានជម្រៅទឹក ១៧,៥០ម៉ែត្រ។ ផ្លូវអាកាស មានផ្លូវរត់ ៣ ៣០០ម៉ែត្រ ប្រភេទ 4E ភ្ជាប់ទៅ កាន់អន្តរជាតិ ផ្លូវគោកមាន ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនទី១ របស់កម្ពុជា និងផ្លូវដែកពុំទាន់បានធ្វើទំនើបកម្ម។
លោកអភិបាលរងបានបញ្ជាក់ថា ខេត្តព្រះសីហនុ និងខេត្តបាក់លីវ បានចុះហត្ថលេខាសម្ព័ន្ធមេត្រីភាពនៅឆ្នាំ២០១៤ ធ្វើឱ្យទំនាក់ទងល្អ និងធ្វើការដោះដូរប្រតិភូទៅវិញទៅមក ហើយកាលពីខែមករា ២០២៤ គណៈប្រតិភូខេត្តព្រះសីហនុ ក៏បានទៅសួរសុខទុក្ខ នឹងជូនពរខត្តបាក់លីវ ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ប្រទេសយើងទាំងពីរមានទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អចេះជួយគ្នាទៅវិញទៅមក។
លោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនាមតំណាងឱ្យប្រតិភូខេត្តបាក់លីវ សូមជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសឆ្នាំថ្មី សូមទទួលបាននូវសុខភាពបរិបូណ៍ សិរីសួស្តី ជ័យជំនះគ្រប់ប្រការ។
ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ បានជំរាបជូនពីសក្តានុពល ភាពខ្លាំងរបស់ខេត្តបាក់លីវ បានកំណត់ក្នុងការអភិវឌ្ឍនៅពេលខាងមុខ គឺផ្អែកទៅលើសរសរស្តមចំនួន៥ ក្នុងនោះ ១.វិស័យកសិកម្ម ដំណាំស្រូវ និងការចិញ្ចឹកបង្គា ២.គឺអភិវឌ្ឍថាមពលកកើតឡើងវិញ និងថាមពលវាយោអគ្គិសនី និងថាមពលព្រះអាទិត្យ ៣.ការអភិវឌ្ឍវិស័យទេសចរណ៍មានភាពខ្លាំង នៃដីសន្តទន្លេមេគង្គ ៤.ផ្តោតលើសេវាពាណិជ្ជកម្ម អប់រំ សុខាភិបាល ដែលមានគុណភាពខ្ពស់ ៥.អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងសកម្មភាពការពារជាតិ។ ខេត្តបាក់លីវ មានឆ្នេរសមុទ្រ ៥៦គីឡូម៉ែត្រ សក្តានុពលក្នុងសមុទ្រសម្បុរបែបប្រកបដោយស្ថេរភាពនាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។ ហើយទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរមានការយកចិត្តទុកដាក់ជួយសុខទុកគ្នាទៅវិញទៅមកយ៉ាងពិសេស។ តាងនាមប្រតិភូខេត្តបាក់លីវ សូមប្រសិទ្ធពរជ័យដល់ខេត្តព្រះសីហនុឱ្យសម្រេចបាននូវចក្ខុវិស័យ នៃការត្រៀមទុក សម្រាប់ទិសដៅអភិវឌ្ឍនៅពេលខាងមុខ ព្រោះខេត្តព្រះសីហនុមានឆ្នេរសមុទ្រអភិវឌ្ឍល្អ សម្រាប់ទេសចរណ៍ និងវិនិយោគ។ និងសូមអរគុណថ្នាក់ដឹកនាំខេត្ត បានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនវៀតណាមដែលកំពង់រស់នៅ និងបំពេញការងារនៅខេត្តព្រះសីហនុ ក្នុងនោះក៏មានប្រជាជនខេត្តបាក់លីវផងដែរ។