នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រី នៃអណុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ចំណុះសាលាខេត្តព្រះសីហនុ សភាពាណិជ្ជកម្ម សមាគមសហគ្រិនវ័យក្មេង និងវិស័យឯកជន។
លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍សិក្ខាសាលានេះ ផ្តោតសំខាន់លើច្បាប់ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជាច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌគតិយុត្ត មានតម្លាភាព ប្រកបដោយអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការបង្កើតរបបលើកទឹកចិត្តវិនិយោគដោយគ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច ការធ្វើទំនើបកម្ម ការបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបានធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក ការផ្ដល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។
លោកអភិបាលរងខេត្ត បានបន្តថា អនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ ការបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ជាសេនាធិការឱ្យរដ្ឋ បាលរាជធានី ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគអនុលោមតាមព្រះរាជក្រម និងអនុក្រឹត្យខាងលើ។ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចលេខ ០៥៤/២២សសរ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្កើតអនុគណៈកម្មាធិការវិនិយោគខេត្ត ជាសេនាធិការឱ្យរដ្ឋបាលខេត្ត ជាយន្តការពិនិត្យសម្រេចលើការវិនិយោគឯកជន ការលើកទឹកចិត្ត និងដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ អនុគណៈកម្មាធិការវិនិយោគខេត្ត មានតួនាទី ភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជីការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ រួមបញ្ជូលគ្នាការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោង វិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលក្រោម ៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ច ស្របតាមនីតិវិធីដែលបានកំណត់ដោយអនុក្រឹត្យ ស្របតាមបទបញ្ញត្តិនានា នៃច្បាប់ស្តីពីវិនិយោគសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព នៃការវិនិយោគបុគ្គលបរទេស និងខ្មែរក្នុងប្រទេសកម្ពុជា ក្នុងការចុះបញ្ជីវិនិយោគ។ ការលើកទឹកចិត្តអ្នកវិនិយោគមានដូចជា ការលើកលែងពន្ធលើប្រាក់ចំណូល ការរំលស់ពន្ធពិសេស ការលើកលែងពន្ធលើការនាំចូល និងការនាំចេញជាដើម។-ល-។
ឯកឧត្តម យុន ហេង អញ្ជើញបើកសិក្ខាសាលាដោយគូសបញ្ជាក់ថា សិក្ខានាពេលនេះ ដើម្បីស្វែងយល់ពីកាពាក់ព័ន្ធនឹងការចុះបញ្ជីវិនិយោគនៅរាជធានី ខេត្ត រាជរដ្ឋភិបាលកម្ពុជា បានរៀបចំកែទម្រង់ផ្ទៃក្នុងដោយបង្កើតអនុគណៈកម្មាធិការរាជធានី ខេត្ត មានសិទ្ធិចុះបញ្ចីវិនិយោគក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រោម ៥លានដុល្លារអាមេរិក។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដែលមិនអាចខ្វះក្នុងការចូលរួមចំណែកកសាង អភិវឌ្ឍសង្គមជាតិ និងបានចូលរួមវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត។ សិទ្ធអំណាច ទំហំនៃការវិនិយោគនឹងការប្រព្រឹត្តទៅរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវកំណត់ដោយអនុក្រឹត្យឱ្យមានប្រសិទ្ធភាព តម្លាភាពក្នុងដែនសមត្ថកិច្ចខ្លួន។
ឯកឧត្តម បានសំណូមពរឱ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់ស្តាប់ ស្វែងយល់ និងលើកជាសំនួរ ដើម្បីចូលរួមអនុវត្តច្បាប់ និងជំរុញការអនុវត្តវិស័យវិនិយោគឱ្យកាន់តែប្រសើរឡើងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិដែលជាប្រយោជន៍លើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕