ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយលោកវរនាវីឯក អាក់សូក ស៊ីសុវត្ថិ ប្រធានគណៈបញ្ជាការនាវា Bangpakong FFG-456 និងជានាយរងសេនាធិការកងទ័ពជើងទឹកភូមិភាគទី១។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូកងទ័ពជើងទឹកថៃ អំពីស្ថានភាពភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ សម្បុរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះដែលជាគោលដៅទេសចរណ៍ដ៏សម្បុរបែបប្រកបដោយភាពទាក់ទាញ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី។ ខេត្តព្រះសីហនុ ជាស្នូល នៃតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខេត្តកោះកុង កំពត កែប និងខេត្ដព្រះសីហនុ។ ខេត្តព្រះសីហនុ ជាច្រកនាំចេញនាំចូលយ៉ាងសំខាន់របស់កម្ពុជា ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានកំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវគោក និងផ្លូវដែក។ ដោយសារសក្តានុពលដ៏សម្បុរបែប រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកា កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។
លោក អភិបាលរងខេត្ត បានបន្តថា ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅបច្ចុប្បន្នមានជម្រៅទឹក ១៣,៥០ម៉ែត្រ ដោយមានចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍន៍កំពង់ផែជាបីដំណាក់កាល ទី១.ឆ្នាំ២០២៣-២០២៥ ទី២.២០២៥-២០២៨ និងទី៣.២០២៨-២០២៩ ឱ្យមានជម្រៅទឹករហូតដល់ ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបានធ្វើឱ្យតម្លៃ នៃការដឹកជញ្ជូនមានការថយចុះ។ ខេត្តព្រះសីហនុមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣ ៣០០ម៉ែត្រ ជាប្រភេទ ៤E ដែលជាច្រកទំនាក់ទំនងសំខាន់ទៅកាន់ពិភពលោក។ ផ្លូវដែកមិនទាន់បានធ្វើទំនើបកម្មក្នុងការដឹកជញ្ជូន ខេត្តមានផ្លូវល្បឿនលឿនទី១ ពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ កំពុងដំណើរការ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសបិតត្រាង និងតំបន់សេដ្ឋកិច្ចពិសេសជេចាំង ក្នុងស្រុកព្រៃនប់។
លោក អភិបាលរងខេត្ត បានបន្តទៀតថា ខេត្តព្រះសីហនុ មានសម្ព័ន្ធមេត្រីភាពជាមួយខេត្ត នៃប្រទេសថៃ មានដូចជា ខេត្តត្រាត និងខេត្តចន្ទបូរី ព្រមទាំងបានថ្លៃងអំណរគុណរដ្ឋាភិបាលថៃ ដែលបានជួយសាងសង់អាគារ ស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផងដែរ។
លោក វរនាវីឯក អាក់សូក ស៊ីសុវត្ថិ ប្រធានគណៈបញ្ជាការនាវា Bangpakong FFG -456 និងជានាយរងសេនាធិការកងទ័ពជើងទឹកភូមិភាគទី១ ថៃ បានថ្លែងអំណរគុណអាជ្ញាធរខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍នាវាចូលចតនៅកំពង់ផែក្រុងព្រះសីហនុនាពេលនេះ ក្នុងគោលបំណងបំពេញទស្សនកិច្ចបង្កើនកិច្ចសហប្រតិបត្តិការ ដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងនោះក៏មានសិក្ខាកាមកងទ័ពជើងទឹកភូមិន្ទថៃធ្វើដំណើរលើនាវា និងទទួលបានការងារនៅលើនាវា។
លោកបានបន្តថា បន្ទាប់ពីការចូលចតនៅកំពង់ផែក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពរួចមក គណៈប្រតិភូថៃ និងទៅទស្សនកិច្ចនៅរាជធានីភ្នំពេញ ក្នុងគោលបំណងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា និងស្ថានទូតថៃនៅរាជធានីភ្នំពេញផងដែរ។ ទាក់ទងសម្ព័ន្ធមេត្រីភាពរវាងប្រទេសថៃ និងកម្ពុជា ពិសេសខេត្តត្រាត ចន្ទបុរី និងខេត្តព្រះសីហនុ ជាការងារល្អមួយសម្រាប់ធ្វើការផ្លាស់ប្តូពាណិជ្ជកម្ម និងទេសចរណ៍កាន់តែល្អបន្ថែមទៀតនៅពេលខាងមុខ។ ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ ក៏បានធ្វើការកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលឿនឆាប់ ពិសេសផ្លូវល្បឿនលឿនជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ទោះបីប្រទេសថៃមានផ្លូវល្បឿនលឿនច្រើនក៏ពិតមែន ក៏ប៉ុន្តែនៅមានការកកស្ទះជាងផ្លូវល្បឿនលឿននៅកម្ពុជា។
ជាការឆ្លើយតប លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ សូមជូនពរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថៃ ក៏ដូចជានាវិកនាវាកងទ័ពជើងទឹកថៃ ទទួលបានសុខសុវត្ថិភាព និងសូមឱ្យចំណងមិត្តភាពខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរកាន់តែល្អប្រសើឡើងថែមទៀត ដើម្បីបន្តការអភិវឌ្ឍនៅក្នុងតំបន់របស់យើង៕