Home / ព័ត៌មានទូទៅ / ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត

ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត

ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត
នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំសង្ក្រានឆ្នាំថ្មីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

លោកអភិបាលរងបានឱ្យដឹងថា ឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights។
នៅទីតាំងទាំង៣ ខាងលើ នឹងមានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ការចាក់តន្ត្រីបែបុរាណ និងសម័យ និងការលេងល្បែងប្រជាប្រិយខ្មែរចាប់ពីម៉ោង១០ព្រឹកតទៅ ដូចជា៖ ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី ដណ្តើមស្លឹកឈើ ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានត្រៀមឡានទឹកសម្រាប់ជួយសម្រួលកម្តៅពីព្រះអាទិត្យផងដែរ។
ដោយឡែក ព្រឹត្តិការណ៍អមចំនួន ៣ មាននៅទីតាំងដូចជា៖
១.ឆ្នេរអូត្រេះ នៅតាមបណ្តោយឆ្នេរខ្សាច់ មានការរាំទូលក្អម
២.ទីតាំង«ខ្មែរធ្វើបាន» មានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាលាក់ កន្សែង ពង្រត់កូនក្រមុំ ដណ្តើមស្លឹកឈើ…
៣.រង្វង់មូលព្រះថោងនាងនាគ មានការស្រង់ព្រះថោងនាងនាគនៅថ្ងៃវរៈឡើងស័កដែលជាថ្ងៃទី៣។
ជាមួយគ្នានេះ ដើម្បីបង្កសប្បាយភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តព្រះសីហនុបានឧបត្ថម្ភសម្ភារសំខាន់ៗ និងចាំបាច់មួយចំនួនសំរាប់លេងល្បែងប្រជាប្រិយ ដែលប្រជាពលរដ្ឋនិយមលេងច្រើនដូចជា៖ ខ្សែព្រ័ត្រក្រចៅ អង្គុញ ប៉ិកួៈ ក្អម បាវក្រចៅ ម្សៅក្រអូប ឈួង និងក្រមារខ្មែរ ផងដែរ។
លោកអភិបាលរងខេត្តបានបន្តថា ឆ្នាំនេះឯកឧត្តមអភិបាលខេត្ត នឹងផ្តល់កិត្តិយសអញ្ជើញដឹកនាំមន្ត្រី នៃរដ្ឋបាលខេត្តចូលរួម អុបធូបទៀនទទួលទេវតាឆ្នាំថ្មីនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៧នាទីយប់ នៅទីលានតេជោ។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្ត បានធ្វើការជូនដំណឹងដល់សាធារណជននៅក្នុងខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការ ជះទឹកឬ គប់ទឹក ឬបាញ់ទឹក នៅតាមដងផ្លូវសាធារណនោះទេ ដែលបង្កឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុចំពោះអ្នកដំណើរ នឹងអ្នកលេងផងដែរ។
រដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំរៀបចំឆៃយ៉ាំទទួលភ្ញៀវទេសចរ ខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាអនាម័យសាធារណៈ រដ្ឋបាលខេត្តក៏បានធ្វើការអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា និងបញ្ចេញសំរាមតាមម៉ោងដែលបានកំណត់។ ហើយរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំដាក់ធុងសំរាមនៅតាមទីតាំងជាច្រើននៅតាមបណ្តោយឆ្នេរ។ ទន្ទឹមនោះ លោកក៏បានអំពាវនាវ សូមសាធារណជនកុំបន្ទោរបង់ពាសវាលពាសកាល ដោយងាកមកប្រើប្រាស់បន្ទប់ទឹកសាធារណដែលមានរហូត ១១កន្លែង សម្រាប់ប្រើប្រាស់ដោយមិនយកថវិកាទេ គឺសូមតែបងប្អូនចូលរួមថែរក្សា អនាម័យ ព្រោះវាជាសម្បត្តិសាធារណរបស់យើងទាំងអស់គ្នា។