ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឡាយ សួនឈាន ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម និងក្នុងឱកាសជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ឯកឧត្តម ឡាយ សួនឈាន ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំចូលប្រពៃណីជាតិនៃប្រទេសនីមួយៗ រដ្ឋបាលខេត្ត ក៏ដូចជាខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរតែងតែជូនពរសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ឯកឧត្តម ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បានបន្តថា ក្នុងបេសកកម្ម ៤ឆ្នាំនៅខេត្តព្រះសីហនុ ពិសេសកម្ពុជាបានធ្វើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក៏ដូចជាការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលថ្មីៗនេះ កម្ពុជាមានសន្តិភាពល្អ ហើយសង្ឃឹមថា នៅពេលអនាគតប្រទេសកម្ពុជា មាន ការអភិវឌ្ឍកាន់តែរីកចម្រើន ពិសេសខេត្តព្រះសីហនុ។ វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងនឹងគ្នា ធានាបាននូវផលប្រយោជនពីគ្នាទៅវិញទៅមក សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និងទេសចរ។ ឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ នយោបាយ ពិសេសខេត្តជាប់ព្រំដែនវៀតណាមក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងទេសចរបានល្អ ពិសេសប្រជាជននៅតាមព្រំដែនមានចំណូលជីវភាពកាន់តែល្អប្រសើរបន្ថែមទៀត។ ក្រោមការដឹកនាំរបស់អភិបាលខេត្ត ធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ សាលារៀន ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគ ព្រមទាំងបានកោតសរសើរពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ។ ហើយថ្មីៗនេះខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ CVTEC មានខេត្តជាប់ព្រំដែនចូលរួម វៀតណាម និងថៃ ធ្វើឱ្យមានការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសជាប់ព្រំដែន។
ឯកឧត្តម សង្ឃឹមថាកិច្ចសហប្រតិបត្តិការខេត្តជាប់មាត់សមុទ្រ និងទទួល បាននូវការផ្តល់ព័ត៌មានផ្លាស់ប្តូរសេដ្ឋកិច្ច និងទេសចរណ៍កាន់តែទូលំទូលាយនៅពេលខាងមុខកាន់តែល្អបន្ថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងសូមជូនពរឱ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ទទួលបានសេចក្តីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចគ្រប់ៗគ្នា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលបានអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្ត និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលចុងក្រោយខេត្តព្រះសីហនុ មានការអភិវឌ្ឍប្រែប្រួលមុខមាត់នាទិសនារតី នៃប្រទេសកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការបើកកិច្ចប្រជុំ CVTEC នៅខេត្តព្រះសីហនុ ដែលមានប្រទេសកម្ពុជា វៀតណាម ថៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងមក ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ មានឆ្នេរក៏ស្រស់ស្អាតបំព្រង់នៃព្រះរាជាណាចក្រកម្ពុជា ម្យ៉ាងទៀតកិច្ចប្រជុំក្នុងគោលបំណងដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូនទេសចរណ៍នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំង៣ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបំណិនទេសចរណ៍នាពេលខាងមុខឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ កិច្ចប្រជុំ CVTEC ឆ្នាំនេះ ដើម្បីជជែកពិភាក្សានិយាយគ្នាត្រង់ទៅត្រង់មក ប្រើប្រាស់សក្តានុពលខេត្តជាប់មាត់សមុទ្រ នៃប្រទេសទាំង៣ យើងបានឯកភាពគ្នាបើកកិច្ចប្រជុំបន្តនៅខែមិថុនាបន្តទៀត ដើម្បីធ្វើការពិគ្រោះយោបល់លើកិច្ចការទេសចរណ៍ ពាណិជ្ជកម្មប្រទាក់ក្រឡាគ្នា ដែលជាការចែករំលែកបទពិសោធន៍ ធ្វើការផ្សព្វផ្សាយពីសក្តានុពលរវាងប្រទេសជាប់មាត់សមុទ្រទាំង៣។ តាមស្មារតី នៃកិច្ចប្រជុំ CVTEC ជាការបើកផ្លូវបង្កើនផលិតផលទេសចរណ៍តាមបណ្តាខេត្តជាប់មាត់សមុទ្រ ទន្ទឹមនោះយើងត្រូវរៀនសូត្រ សម្របសម្រួលក្នុងការទាក់ទាញទេសចរឆ្លងកាត់ប្រទេសទាំង៣។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញឱ្យរាជធានី ខេត្ត ត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដែលខុសច្បាប់ និងគ្រឿងញៀន ដើម្បីសុខដុមនីយកម្ម ពិសេសការរស់នៅប្រកបដោយភាពរីករាយក្នុងសង្គមជាតិ។ កម្ពុជា និងវៀតណាមជាប្រទេសបានឆ្លងកាត់សង្គ្រាមដ៏ជូរចត់នាពេលកន្លងមក ហើយប្រទេសយើងទាំងពីរ បានជួយគ្នាទៅវិញទៅមកធ្វើឱ្យមានការបញ្ចប់សង្គ្រាម រហូតដល់មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនាមរដ្ឋបាលខេត្តសូមជូនពរឱ្យអគ្គកុងស៊ុល និងសហការីបំពេញបេសកកម្មការទូត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។