រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ស្ត្រីជាកម្លាំងចលករក្នុងការចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចជាតិ ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើងក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ការរស់នៅតាមគន្លងប្រករតីភាពថ្មី គឺជាតឹកតាង នៃការឈានដល់យុគសម័យឌីជីថល កម្ពុជាត្រូវចាប់យកឱ្យខានតែបាន។ ម្យ៉ាងវិញទៀតការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ត្រូវសម្របតាមបរិវត្តកម្មឌីជីថល កំណត់ដោយការធ្វើបដិវត្តកម្មឧស្សាហកម្មទី៤ ដែលចែងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។ រាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ឆ្លើយតបនឹងប្រធានបទឆ្នាំនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ការងារបញ្ជ្រាបយេនឌ័រជាកិច្ច ការអន្តរវិស័យក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម បានបន្តថា ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រនៅតែជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តី និងក្មេងស្រីគ្រប់រូបទទួលបានសមត្ថភាពនៅគ្រប់ទិដ្ឋភាពទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាពជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរប្រកបដោយសុខុមាលភាព។ ទោះបីជាយើងសម្រេចបានលទ្ធផលយ៉ាងច្រើនសន្លឹកសន្ធាប់កន្លងមក ហើយក៏នៅមានសេស សល់នូវបញ្ហាមួយចំនួន ដែលតម្រូវឱ្យយើងទាំងអស់គ្នារួមគ្នាគិត រួមគ្នាដោះស្រាយបន្តរួមមាន៖ -ការហូរចូលនូវវប្បធម៌បរទេសធ្វើឱ្យប៉ះពាល់លើសីលធម៌សង្គម ពោលគឺភាពថ្លៃថ្នូររបស់មនុស្ស បណ្តាលមកពីសកលភាវូនីយកម្ម នៃបច្ចេកវិទ្យាព័ត៌មានមានភាពជឿនលឿន ឧក្រិដ្ឋកម្មឆ្លងដែននាំមកនូវរូបភាពផ្សេងៗនូវអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភសេពសន្ធវៈ ជនរងគ្រោះភាគច្រើនជាស្រ្តី និងកុមារ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការផ្សព្វផ្សាយពាណិជ្ជកម្មពុំបានគិតគូរផលប៉ះពាល់ដល់សុខភាព និងសីលធម៌នាំឱ្យមានអំពើហិង្សា ក្រៅពីនេះនៅមានបញ្ហាប្រឈមដោយសារសមត្ថភាពស្ត្រីខ្លួនឯងនៅមានកំរិត។ កត្តានេះហើយដែលស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាព និងបង្កើនភាពអង់អាចទទួលជោគជ័យឆ្ពោះទៅការលើក កម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចរបស់ស្ត្រី និងជំរុញការអភិវឌ្ឍជាសកលប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាពទៅអនាគត រួមចំណែកធ្វើឱ្យសង្គមគ្រួសារ និងសង្គមជាតិប្រកបដោយសីលធម៌ថ្លៃថ្នូរ សុភមង្គល និងសុខដុមរមនា បញ្ហាទាំងនេះ យើងត្រូវរួមគ្នាដោះស្រាយដោយធ្វើការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាអវិជ្ជមាន។
ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលត្រូវយកចិត្តទុកដាក់ការងារបញ្ជ្រាបយេនឌ័រដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗមាន៖
១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
២-ការលើកកម្ពស់ការអប់រំរបស់ស្ត្រី និងក្មេងស្រី
៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រី និងក្មេងស្រី
៤-កិច្ចការពារផ្លូវ ច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី
៥-ការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច
៦-ការបញ្ជាបយេនឌ័រក្នុងកម្មវិធីប្រែប្រួសអាកាសធាតុ៕