Home / ព័ត៌មានទូទៅ / ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ

នារាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅភូមិ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថាតាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ចំពោះវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ឯកឧត្តម សាយ សំអាល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គី និងថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ជាកងទ័ពអាវសជួរមុខដ៏មុតស្រួច ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនគិតពីការនឿយហត់ ថ្ងៃឈប់សំរាក ឬពេលយប់ ចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការចាំបាច់សំខាន់ៗដែលបានដាក់ចេញជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ជាពិសេសបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជម្រុញជូនប្រជាពលរដ្ឋ កម្មករ និយោជិត សិស្ស និស្សិត ព្រះសង្ឃ និងកុមារអាយុចាប់ពី ៣ឆ្នាំឡើង ទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្តបន្តថា សម្តេចតេជោ គឺពិតជាមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្តេចមានបេះដូងមនុស្សធម៌ដ៏ពិតប្រាកដ បង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ការជួយអ្នកទេសចរបរទេស និងនាវឹកសរុប ២.២៥៧នាក់ (ស្មើ៤១សញ្ជាតិ) ជាប់គាំងក្នុងនាវាខ្នាតយក្ស Westerdam សហរដ្ឋអាមេរិក និងការផ្តល់ជាជំនួយសម្ភារៈ បរិក្ខារពេទ្យ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជួយដល់ប្រទេសមួយចំនួនសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។ កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនាក្រោមដំបូលសន្តិភាព «អរគុណសន្តិភាព»។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ ការជួបជុំគ្នានាពេលនេះ គឺដើម្បីរំលឹកនៃការរកឃើញជំងឺកូវីដ-១៩ លើកដំបូងមុនគេនៅខេត្តព្រះសីហនុ សូមថ្លែងអំណរគុណការដឹកនាំរបស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធបានចូលរួមធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដបានទាន់ពេលវេលា ហើយយើងបានបង្កើតកម្មវិធីជួបជុំសប្បាយរីករាយ។