ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តបានជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចនាពេលនេះលោកបានថ្លែងអំណរគុណចំពោះលោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia ដែលបានសម្របសម្រួល និងដឹកនាំគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក ឯម ភាព អភិបាលរងខេត្តបានលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលរួមមាន ធនធានធម្មជាតិតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សកម្មភាពទេសចរណ៍ ការគ្រប់គ្រងបរិស្ថាន គម្រោងវិនិយោគនានាក្នុងខេត្តទ្វេពាណិជ្ជកម្មដ៏សំខាន់របស់ខេត្ត និងប្រទេសកម្ពុជា។
ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅក្នុងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿន ជាសរសៃឈាមសេដ្ឋកិច្ចថ្មីនៅភាគនិរតីនៃប្រទេសកម្ពុជា។
ខេត្តព្រះសីហនុមួយរយៈពេលចុងក្រោយនេះមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនយ៉ាងឆាប់រហ័សស្របជាមួយ នឹងការផ្លាស់ប្ដូរយ៉ាងខ្លាំងពិសេសលើហេដ្ឋារចនាសម្ព័ន្ធហើយវិស័យចម្បងក្នុងការអភិវឌ្ឍន៍ខេត្តរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ហិរញ្ញវត្ថុអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំណង់ និងអចលនទ្រព្យ។
លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាលទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម ផែនការនេះមានគោលបំណងប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងប្រកួតប្រជែងសាកលលោកមានភាពរីកចម្រើន និងពហុវប្បធម៌តាមរយៈការទាក់ទាញវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរណ៍។ អ្នកវិនិយោគអាចពិចារណាលើការវិនិយោគមួយចំនួននៅខេត្តព្រះសីហនុរួមមានគម្រោងទីក្រុងឆ្លាតវៃខណៈដែលខេត្តព្រះសីហនុកំពុងអភិវឌ្ឍហើយជាទីក្រុងឆ្លាតវៃបច្ចុប្បន្នយើងក៏រកដៃគូទទួលគម្រោងអភិវឌ្ឍន៍ចំណតឆ្លាតវៃនៅមុខផ្សារលើ ពាក់ព័ន្ធគម្រោងទីក្រុងឆ្លាតវៃយើងត្រូវការសេវាកម្មជាច្រើនមកជួយទីក្រុងរបស់យើងទាំងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ទីក្រុងទាំងការអនុវត្តគម្រោងអាទិភាពដូចជាការគ្រប់គ្រងសំរាមឆ្លាតវៃគម្រោងអប់រំ គម្រោងថែទាំសុខភាពនិងប្រព័ន្ធទឹកភ្លើងឆ្លាតវ័យជាដើម។
ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ លោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិ Aquarii BD Cambodia បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ខេត្តព្រះសីហនុដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកបណ្ដាក់ទុនហើយចំពោះដំណើរទស្សនកិច្ចនេះលោកនឹងមានការចាប់អារម្មណ៍ជាច្រើនចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តអំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន៕