ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជននៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកជំទាវ លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកជំងឺត្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិត។ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានអនុវត្តសកម្មភាពការងារផ្តល់ឈាម និងបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ជារួមក្នុងមួយខែៗមន្ទីរពេទ្យត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណជា ៥០ប្លោកឈាម ដើម្បីបំពេញតម្រូវការខាងលើមន្ទីរពេទ្យបង្អែកខេត្តតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្រប សម្រួលពីអភិបាលខេត្ត ធ្វើការផ្សព្វផ្សាយ អំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមន៍ ស្ថាប័នឯកជន ចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន័ថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួសឱ្យជនរងគ្រោះ ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងមហាជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ បានផ្តល់នូវអត្តន័យ និងអត្តប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកផ្តល់ឈាម និងអ្នកដែលទទួលឈាម ពោពេញទៅដោយបុណ្យកុសលល្អប្រពៃ ហើយក៏ជាការងារមនុស្សធម៌មួយយ៉ាងសំខាន់ក្នុងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងអគុណទឹកចិត្តមនុស្សធម៌របស់បងប្អូន និងសាធារណៈជនដែលបានចូលរួមបរិច្ចាកឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយមិនប្រកាន់ជាតិសាសន៍ (ឈាមរបស់ខ្ញុំ ជួយសង្គ្រោះអាយុជីវិតរបស់អ្នក) ម្យ៉ាងទៀតឈាមរបស់យើងម្នាក់អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ផងដែរ និងសូមថ្លែងអំណរគុណក្រុមហ៊ុន KSWM (ក្រុមហ៊ុនប្រមូលសំរាម) ដែលតែងតែបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក។ ហើយថ្ងៃនេះយើងមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមសរុបចំនួន ៧១១នាក់ ហើយវត្តមានរបស់អស់លោក ពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្តល់ឈាមជួយសង្គ្រោះអាយុជីវតិជនរងគ្រោះរបស់យើង។
ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល មានប្រសាសន៍បើកយុទ្ធនាការបរិច្ចាគឈាម និងថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះក្នុងការងារមនុស្សធម៌ ហើយសកម្មភាពផុលផុសសូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារមនុស្សធម៌នៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុការគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ខេត្តមានឈាមគ្រប់គ្រាន់ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផង យើងបន្តចូលរួមគាំទ្រដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមកសម្រាលក្នុងមន្ទីរពេទ្យ ដែលពួកគាត់ត្រូវការឈាមចាំបាច់៕