Home / ព័ត៌មានទូទៅ / ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ដឹកនាំដោយលោក ឈិត រតនៈ ចុះទៅរុះរើសំណង់ខឿនធ្វើពីបេតុងអាមេ…(វីដេអូ)

ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ដឹកនាំដោយលោក ឈិត រតនៈ ចុះទៅរុះរើសំណង់ខឿនធ្វើពីបេតុងអាមេ…(វីដេអូ)

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារចម្រុះដឹកនាំដោយ លោក ឈិត រតនៈ នាយករងរដ្ឋបាល នៃសាលាខេត្តព្រះសីហនុ បានចុះទៅរុះរើសំណង់ខឿនធ្វើពីបេតុងអាមេ ដែលបានសាងសង់ល្មើសច្បាប់លើដីចំណី ឆ្នេរសមុទ្ររាម ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលខេត្ត បានចុះផ្អាកការសាងសង់សំណង់ល្មើសច្បាប់ និងមិនមានការអនុញ្ញាតសាងសង់ ព្រមទាំងធ្វើកំណត់ហេតុផ្អាកការសាងសង់ និងទុករយៈពេលបីថ្ងៃឱ្យសាម៉ីខ្លួនរុះរើដោយខ្លួនឯង ដោយមានការផ្តិតមេដៃយល់ព្រមរុះរើពីម្ចាស់សំណង់ឈ្មោះ ហ៊ឹម ស្រីពៅថែមទៀត ។ ផ្ទុយទៅវិញម្ចាស់សំណង់មិនគោរពតាមខ្លឹមសារក្នុងកំណត់ហេតុ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នោះទេ នៅតែបន្តការសាងសង់របស់ខ្លួនដោយគ្មានការអនុញ្ញាត រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលខេត្ត បានធ្វើសេចក្ដីជូនដំណឹងស្ដីពីការរុះរើសំណង់របស់ឈ្មោះ ហ៊ឹម ស្រីពៅ ម្ដងទៀត ប៉ុន្តែម្ចាស់សំណង់នៅតែរឹងទទឹងមិនគោរពនូវការណែនាំរបស់រដ្ឋបាលខេត្តឡើយ ។

យោងលិខិតបង្គាប់ការលេខ០១០ ល.ក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការចុះរុះរើខឿនដែលបាន សាងសង់ដោយ ឈ្មោះ លោកស្រី ហ៊ឹម ស្រីពៅ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត បានចុះអនុវត្ត រុះរើខឿនដែលរំលោភលើដីចំណីសាធារណៈរបស់រដ្ឋ លើចំណីឆ្នេររាម របស់ឈ្មោះ ហ៊ឹម ស្រីពៅ ដែលមានប្រវែង៥២ម៉ែត្រ តែម្ចាស់សំណង់ពុំបានសហការអនុវត្ត ជាមួយរដ្ឋបាលខេត្តឡើយ ថែមទាំងមានការ រារាំង និង កាន់ដោយដំបងក្នុងដៃ និងបានគប់ដបទឹកសុទ្ធ មកលើកម្លាំងចម្រុះ ដែលកំពុងចុះអនុវត្តផងដែរ។

ជាលទ្ធផលក្រុមការងារបានអញ្ជើញ ម្ចាស់សំណង់ ឈ្មោះ លោកស្រី ហ៊ឹម ស្រីពៅ ដែលមានប្ដីឈ្មោះ វ៉ែន វណ្ណារិទ្ធ មករដ្ឋបាលខេត្ត ដើម្បីដោះស្រាយបញ្ហា។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ មេត្តាបញ្ឈប់ការសាងសង់រំលោភ បំពានលើដីចំណីឆ្នេរសមុទ្រ ដីចំណីសាធារណៈរបស់រដ្ឋ។ ករណីនៅតែបន្តការសាងសង់រំលោភដីចំណីឆ្នេរសមុទ្រ និងដីចំណីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្ត និងអនុវត្ត និតីវិធីច្បាប់ជាធរមាន ។ #រដ្ឋបាលខេេត្ត

k1 k2