Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ផ្តាំផ្ញើនិស្សិតអាហារូបករណ៍ខេត្តព្រះសីហនុចំនួន ១០រូប

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ផ្តាំផ្ញើនិស្សិតអាហារូបករណ៍ខេត្តព្រះសីហនុចំនួន ១០រូប

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ផ្តាំផ្ញើនិស្សិតអាហារូបករណ៍ខេត្តព្រះសីហនុចំនួន ១០រូប ត្រូវទៅសិក្សានៅសកលវិទ្យាល័យលីវនិញ ខេត្តលីវនិញ នៃសាធារណរដ្ឋប្រជាមានិតចិន និងសិស្សថ្នាក់ទី៩ និងទី១២ ទៅចូលរួមប្រឡើងជ្រើសរើសជើង ឯកថ្នាក់ជាតិនាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនិស្សិតរបស់យើង ដែលត្រូវទៅបន្តការសិក្សានៅខេត្តលីវនិញ ប្រទេសចិន ដើម្បីទទួលបាននូវចំណេះដឹង រួមចំណែកអភិវឌ្ឍប្រទេសជាតិ នេះជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពល្អរវាងកម្ពុជា-ចិន។ យើងបានធ្វើការជួបជុំពិគ្រោះយោបល់ជាមួយប្រធានសភាពាណិជ្ជកម្មខេត្តលីវនិញ បានផ្តល់ភាពអនុគ្រោះលើកទឹកចិត្តឱ្យមាននិស្សិតកម្ពុជាទៅសិក្សារៀនសូត្រនៅប្រទេសចិន និងបានសំណូមពរឱ្យយកនិស្សិតខេត្តព្រះសីហនុទៅសិក្សានៅខេត្តលីវនិញ ដើម្បីផ្តល់សក្តានុពលធនធានមនុស្សសម្រាប់ខេត្តព្រះសីហនុ ហើយអ្វីសំខាន់ដែលរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដូច្នេះយើងត្រូវការធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើ ហើយកូនចៅរបស់យើងឆក់យកឱកាសសិក្សានៅពេលខាងមុខ រៀបចំការជំរុញសកម្មភាពឱ្យក្មួយទាំង ១០រូប បានទៅសិក្សានៅប្រទេសចិនដោយរលូន ទោះបីក្មួយៗមិនទាន់បានរៀនសូត្រ ក៏ប៉ុន្តែក្មួយត្រូវចេញដំណើរទៅសិក្សានៅប្រទេសចិននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្តលីវនិញ បានជួយគាំទ្រសម្រេចបានលទ្ធផលផ្លែផ្កានាពេលនេះ ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុផងដែរ និងសូមអគុណរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានគាំទ្រឱ្យមានកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតខេត្តព្រះសីហនុបានទៅការសិក្សានៅប្រទេសចិន។ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្មួយៗនិស្សិតទាំង ១០នាក់ សុំឱ្យក្មួយខិតខំក្តាប់យកឱកាសនេះ ជាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះ ជំនាញជាស្ពាននាំភាពជោគជ័យដល់ខ្លួនយើង ក្រុមគ្រួសារនាពេលខាងមុខ ឱ្យបាលលទ្ធផលនៃពេលបញ្ចប់ការសិក្សាក្លាយជាធនធានសក្តានុពលរបស់ខេត្តព្រះសីហនុ។ ការសិក្សាមិនមែនងាយស្រួលនោះទេ សុំឱ្យក្មួយៗចេះគ្រប់គ្រងឱកាស និងតស៊ូឆ្លងកាត់ឧបស័គ្គ ដើម្បីភាពជោគជ័យសម្រាប់ខ្លួនឯង និងសង្គមជាតិ ត្រូវចេះសាមគ្គីគ្នា ចែករំលែកជួយគ្នាទៅវិញទៅមកដែលជាគុណតម្លៃ នៃខ្សែជីវិតរបស់ក្មួយៗក្លាយជាបុគ្គលជោគជ័យសម្រាប់សង្គមខ្មែរ។ ចំពោះលោកឪពុក អ្នកម្តាយ សូមជួយតាមដានគាំទ្រលើកទឹកចិត្តកូនចៅ បន្តការគាំទ្របន្ថែមទៀត ដើម្បីឱ្យក្មួយមានឱកាសសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ចំពោះក្មួយៗថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវទៅចូលរួមប្រឡងថ្នាក់ជាតិតំណាងឱ្យខេត្តព្រះសីហនុ សុំឱ្យក្មួយៗត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់បន្ថែមទៀត ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីកិត្តិយសខេត្តរបស់យើង ដើម្បីចូលរួមប្រឡងទទួលបានលទ្ធផលជោគជ័យតំណាងឱ្យខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទៅសិក្សានៅប្រទេសចិនចំនួន ១០នាក់ ក្នុងម្នាក់ ថវិកា ៥០០ ដុល្លារអាមេរិក ដោយឡែកក្មួយៗទៅចូលរួមប្រឡងថ្នាក់ជាតិចំនួន ៦នាក់ ម្នាក់ ៣០០ដុល្លារអាមេរិក៕