Home / ព័ត៌មានទូទៅ / ប្រតិភូពាណិជ្ជកម្មក្រុង Wuxi អញ្ជើញមកទស្សនកិច្ចស្វែងយល់ពីស្ថានភាពវិនិយោគក្នុងខេត្តព្រះសីហនុ

ប្រតិភូពាណិជ្ជកម្មក្រុង Wuxi អញ្ជើញមកទស្សនកិច្ចស្វែងយល់ពីស្ថានភាពវិនិយោគក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស២០៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ គណៈប្រតិភូពាណិជ្ជកម្មមកពីក្រុង WUxi ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Tan Nanfei ប្រធានក្រុមប្រឹក្សា  នៃក្រុមហ៊ុនថាមពលអគ្គីសនី Zhongxing Electric Power បានចូលជួបសំដែងការគួសម និងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីស្ថានភាពវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ លោក Tan Nanfei ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនថាមពលអគ្គីសនី Zhongxing Electric Power បានជំរាបជូនពីភូមិសាស្ត្ររបស់ក្រុង WUxi ជាទីក្រុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំ មានវិស័យវិនិយោគដូចជា ផ្នែកឧស្សាហកម្ម មានរោងចក្រធុនតូច និងធំជាង ៣០០ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងប្រទេសចិន និងមានចំណូល GDP ៨កោដយ៉ន់ក្នុងមួយឆ្នាំ ដែលមានជាមជ្ឍមណ្ឌលលំដាប់ខ្ពស់ក្នុងប្រទេសចិន ដែលប្រធានាធិបតីចិន ដាក់ចេញនូវគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងជម្រុញឱ្យអ្នកវិនិយោគចិន ដើរចេញមកក្រៅប្រទេស ។
affair1
លោកបានបន្តថា តាមរយៈក្រុមហ៊ុនហុងតូ ដែលបានមកធ្វើការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ មកធ្វើការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចគំរូ ហើយមកដល់បច្ចុប្បន្នមានអ្នវិនិយោគចិនចាប់អារម្មណ៍មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុមានការកើនឡើងជាបន្តបន្ទាប់ ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនគណៈប្រតិភូពាណិជ្ជកម្មក្រុង WUxi ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិនថា ខេត្តព្រះសីហនុមានកោះចំនួន៣២ ឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ មានសក្តានុពលផ្នែកសេដ្ឋកិច្ច ហ៊ុំព័ទ្ធដោយសមុទ្រ និងជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ មានកំពង់ផែសមុទ្រទឹកជ្រៅក្នុងប្រទេសកម្ពុជា និងមានផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវរថភ្លើង ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ។ ខេត្តព្រះសីហនុមានទំនិញឆ្លងកាត់ប្រមាណ ៧២ភាគរយ ក្នុងនោះជាកុងតឺន័រ មានព្រលានយន្តហោះអន្តរជាតិកងកេង ស្រុកព្រៃនប់ កំពុងមានការមមាញឹកហោះហើរត្រង់ទៅកាន់ក្រៅប្រទេស ជាមធ្យមមានក្នុងមួយសប្តាហ៍ មាន ៦១ជើង និងមានក្រុមហ៊ុនអាកាសចរណ៍៦ កំពុងប្រតិបត្តិការហោះហើរត្រង់ទៅកាន់បីប្រទេស មានដូចជាវៀតណាម ម៉ាឡេស៊ី និងប្រទេសចិន ។
affair2
ឯកឧត្តម យន្ត មីន បន្តថា ដោយសារកំណើនភ្ញៀវទេសចរ ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០១៧ មានការ កើនឡើង ១៦,៤ភាគរយ ហើយវិស័យឧស្សាហកម្មក៍បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដែលមានរោងចក្រ សហគ្រាសគឹតត្រឹមឆមាសទីមួយ ឆ្នាំ២០១៧ មាន ៦៧៦ ស្រូបយកកម្លាំងពលកម្មជាង ៤០,០០០មឺននាក់ និងមានពលករបរទេសជិត ៤,០០០នាក់ បានក្លាយជាគោលដៅនៃការវិនិយោគ ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយផ្អែកលើកត្តាភូមិសាស្ត្រមានកំពង់ផែអន្តរជាតិទឹកជ្រៅ ងាយស្រួលក្នុងការ ដឹកជញ្ជូនទំនិញចេញ ចូលងាយស្រួល ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ក៍ជាគោលដៅទេសចរណ៍មកពីប្រទេសចិន រុស្ស៊ី និងអ៊ឺរ៉ុប ។
ឯកឧត្តម ក៍បានសំណូមពរដល់ប្រតិភូពាណិជ្ជកម្មក្រុង WUxi ជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ ព្រោះនាពេលបច្ចុប្បន្ន ពេលមានពិធីបុណ្យទានម្តងៗខេត្តព្រះសីហនុ នៅខ្វះសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាន ដូច្នេះអ្នកវិនិយោគក្រុង WUxi អាចមកធ្វើការវិនិយោគលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរោងចក្រនៅខេត្តព្រះសីហនុ ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគ ក្នុងការនាំចូលនូវវត្ថុធាតុដើម ក៍ដូចជាមិនយកប្រាក់ពន្ធចំណេញរយៈពេលបីឆ្នាំ និងអាចបន្តប្រាំឆ្នាំបន្ត ដើម្បីឱ្យអ្នកវិនិយោគមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនបន្ថែមទៀត ៕ (អត្ថបទ និងរូបភាពដោយ ក្រុមគេហទំព័រនិងលោក ងូ សុមុនី ) LSP

affair3 affair4 affair5 affair6 affair7